គេហទំព័រលេខាធិការដ្ឋាន គ.ជ.អ.ប បាននិងកំពុងត្រូវកែសម្រួលថ្មីឱ្យប្រសើរជាងមុន

មូលនិធិ​ឃុំ សង្កាត់​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​

​ខេត្តក្រចេះ​៖ ​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​គោ​លាប់​អះអាងថា ពួកគាត់​ឈប់​លំបាក​ធ្វើដំណើរ​លើផ្លូវ​រដិបរ​ដុប ក្រោយពី​រដ្ឋបាល​ឃុំ​បានប្រគល់​ផ្លូវលំ​ដី​ក្រួសធម្មជាតិ​ចំនួន ២​ខ្សែ ប្រវែង​សរុប ១,១៥០​ម៉ែត្រ​តាមរយៈ​ការប្រើប្រាស់​មូលនិធិ​ឃុំ សង្កាត់ ដែលជា​គម្រោង​ផ្នែក​អភិវឌ្ឍន៍​មូលដ្ឋាន ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​។​

​ទាំង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​សុទ្ធតែ​អះអាង​ដូចគ្នា​ថា គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​តាមរយៈ​មូលនិធិ​ឃុំ​បាន​ឆ្លើយតប​នឹង​តម្រូវការ​ដោយបាន​រួម​ចំណែក​លើកកម្ពស់​ជីវភាព​របស់​ពួកគាត់​។ ថ្លែង​ក្នុង​ពិធី​ប្រកាស​ប្រគល់ និង​ទទួល​ផ្លូវលំ​ឃុំ​គោ​លាប់ ស្ថិតក្នុង​ស្រុក​ចិត្រ​បុរី​ ខេត្តក្រចេះ​កន្លងមក តំណាង​ប្រជាពលរដ្ឋ​លោកស្រី យ៉ែ​ន អាន បាន​លើកឡើងថា គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​បាន ជួយ​លើកកម្ពស់​ជីវភាព​គ្រួសារ​លោកស្រី ដ្បិត​វា​បាន​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន កសិផល​របស់​លោកស្រី​រហ័ស និង​សន្សំ​ថវិកា​ជាង​មុន​។​

​លោកស្រី យ៉ែ​ន អាន​ មានប្រសាសន៍​ទាំង​ទឹកមុខ​ញញឹម​ថា​”​ខ្ញុំ​ចំណាយ​វេលា​តែ​ជាង ២​ម៉ោង​ប៉ុណ្ណោះ​ដើម្បី​ដឹក​បន្លែ​កសិផល​ពី​ផ្ទះ​ទៅ​លក់​លើ​ទីផ្សារ​ទាន់ពេលវេលា​លើ​ចម្ងាយ​ផ្លូវ​ប្រមាណ ២០​គីឡូម៉ែត្រ​”​។ នៅពេល​ទទួលបាន​ផ្លូវ​ងាយស្រួល​ជាង​មុន ស្ត្រី​រាងស្តើង​សម្បុរ​ខ្មៅ​ស្រអែម​មានកូន ៤​នាក់​រូបនេះ បញ្ជាក់ថា លោកស្រី​ចំណេញ​ពេល​ជាង ២​ម៉ោង ធៀប​នឹង​ពេល​លោកស្រី​ជិះ​កង់​ដឹក​បន្លែ​លើផ្លូវ​រដិបរដុប កាលពី​ឆ្នាំមុនៗ​។​

​មិន​ខុសគ្នា​ដែរ លោក អ៊ុន ប៊ុន​ធៀប​ ប្រជាកសិករ​ដែលមាន​កូន​បង្កើត ៥ នាក់​រស់នៅក្នុង​ឃុំ​គោ​លាប់​បាន​សាទរ​នឹង​សមិទ្ធផល​ផ្លូវលំ​លើកដំបូង​ដែល​ត្រូវបាន​ស្ថាបនា​ដោយ​ការប្រើប្រាស់​មូលនិធិ​ឃុំ សង្កាត់​។ បុរស​សម្បុរ​ខ្មៅ​ស្រអែម​វ័យ ៦៣​ឆ្នាំ​កំពុង​ឈរ​កណ្តាល​ផ្លូវលំ​ពត់ពេន​ដូច​ពស់​សស្គុស បាន​និយាយ ទាំង​ញញឹម​ថា​“​ផ្លូវ​ទើប​សាងសង់​លើកដំបូង​ឆ្នាំនេះ​។ កាលពី​ផ្លូវ​មិនទាន់បាន​សង់ ពលរដ្ឋ​ពិបាកធ្វើ​ដំណើរ ពិសេស​ពេល​ភ្លៀង​តែម្តង​។ យើង​មិនអាច​បើកបរ​គោយន្ត ម៉ូតូ​និង​ជិះ​កង់​លើផ្លូវ​នេះ​បាន​នោះទេ ព្រោះ​វា​ផុង​ជាប់​”​។​

​ទន្ទឹមគ្នា​ដែរ តំណាង​ពលរដ្ឋ​ខាងលើបាន​អំពាវនាវ​អាជ្ញាធរ និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ចុះជួយ​សាងសង់​ផ្លូវ​ជាច្រើន​ខ្សែ​ទៀត និង​បណ្តុះបណ្តាល​ពួកគាត់​ពី​បច្ចេកទេស​ដាំ​ដុះ​ដំណាំ​កសិកម្ម​បន្ថែម ដើម្បី​លើកស្ទួយ​កម្រិតជីវភាព​ពួកគាត់​។​

​អនុប្រធាន​ភូមិ​ច្រ​វ៉ា ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី លោក សាក់ សែ អាយុ ៥៨​ឆ្នាំ​ជឿជាក់ថា ពលរដ្ឋ​កំពុង​រស់នៅ​ក្នុងភូមិ​លោក​ជាង​២០០​គ្រួសារ​នឹងមាន​ជីវភាព​កាន់តែ​ប្រសើរ​នៅពេល​ផ្លូវលំ​ថ្មី​សង់​រួចរាល់​។​ លោក​មានប្រសាសន៍ថា “​វា​ជួយ​ច្រើន​មែន ពិសេស​គឺ​ពេល​ពលរដ្ឋ​ត្រូវធ្វើ​ដំណើរ​ទៅ​មណ្ឌល​សុខភាព ពេលយប់​ព្រលប់​។ ពេលខ្លះ ពួកគេ​ត្រូវ​ជាប់ផុង​នឹង​ផ្លូវ​ក៏មាន​”​។​

​ថ្លែង​ក្នុង​ពិធី​វាយតម្លៃ​ប្រគល់ និង​ទទួល​ផ្លូវលំ​ពី​ក្រុមហ៊ុន​វិនិយោគឯកជន​ដែល​បាន​ប្រព្រឹត្តិ​ឡើង​កាលពី​ថ្ងៃទី​២៨​ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក ឈុំ ឆូ​យ​មេឃុំ​គោ​លាប់​បាន​លើកឡើងថា ផ្លូវលំ​ថ្មី​ពីរ​ខ្សែ​នេះ​ពិតជា​បាន​ឆ្លើយតប​នឹង​តម្រូវការ​របស់​ពលរ​ដ្ឋ​មូលដ្ឋាន ដោយ​លោក​អះអាងថា គម្រោង​នេះ​សាងសង់ឡើង​តាមរយៈ​សំណូមពរ​របស់​ពលរ​ដ្ឋ​ជា​អាទិភាព​។​ លោក​មេឃុំ​សម្បុរ​ខ្មៅ​ស្រអែម​រាងស្តើង​វ័យ​ប្រមាណ ៦០​ឆ្នាំ បាន​មានប្រសាសន៍​អំពី​នីតិវិធី​ការកសាង​ផែនការអភិវឌ្ឍន៍​ឃុំ សង្កាត់ និង​កម្មវិធី​វិនិយោគ​ឃុំ សង្កាត់​ថា “អាជ្ញាធរ​បានដាក់​បញ្ជូន​សំណើ និង​សំ​ណូម​ពរ​របស់​ពលរដ្ឋ​។ យើង​បាន​គិតគូរ​គ្រប់​ជ្រុងជ្រោយ​ទៅលើ​យុទ្ធសាស្ត្រ​សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​ហេដ្ឋារចនាសម្ព័ន្ធ​អរូប​វន្ត ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​ជា​អាទិភាព​”​។

​ជាមួយ​គ្នាដែរ លោក អួ​ង សម្បត្តិ អភិបាលរង​ស្រុក​ចិត្រ​បុរី ជឿជាក់ថា ផ្លូវ​នេះ​នឹង​ជួយ​បម្រើ​ផលប្រយោជន៍​​ឱ្យ​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​គោ​លាប់ និង​ឃុំ​ដទៃ​បាន​ឆ្លងកាត់​ទៅ​ផ្សារ សាលារៀន មណ្ឌល​សុខភាព ជាដើម​។ ម្យ៉ាងទៀត លោក​ថា ផ្លូវ​ដែល​បាន​ស្ថាបនា​រួច​នេះ​ក៏បាន​ត​ភ្ជាប់​ទៅកាន់​ផ្លូវ​នានា​ទៅ កាន់​ឃុំ ស្រុក និង​ខេត្ត​ផងដែរ​។​

​តាម​ប្រសាសន៍​លោក ឈុំ ឆូ​យ ​មេឃុំ​គោ​លាប់ គម្រោង​ផ្លូវលំ​ដី​ក្រួសធម្មជាតិ​២​ខ្សែ​នេះ​មានតម្លៃ​ថវិកា​សរុប​ចំនួន ៤៥.៤០២.៥០០ រៀល ក្នុងនោះ មូលនិធិ​ឃុំ​មាន​ចំនួន​៤៥.៣០២.៥០០​រៀល និង​បដិភាគ​ប្រជាពលរដ្ឋ​មាន​ចំនួន ១០០.០០០​រៀល​។​

​សូមបញ្ជាក់ថា មូលនិធិ​ឃុំ សង្កាត់ គឺជា​កញ្ចប់​ថវិកា​មួយ​ដែល​រាជរដ្ឋាភិបាល​ត្រូវ​ផ្ទេរ​ទៅឱ្យ​ឃុំ សង្កាត់​។ មូលនិធិ​នេះ​រួមមាន​ចំណូល​ពី​ចំណែក​ដ៏​ជាក់លាក់​នៃ​ចំណូល​ចរន្ត​នៃ​ថវិការដ្ឋ​ប្រចាំឆ្នាំ និង​ពី​ការចូលរួម​របស់​ដៃគូ​អភិវឌ្ឍន៍​នានា​។ មូលនិធិ​នេះ​មាន​ពីរ​ផ្នែក​សំខាន់ៗ គឺ​ផ្នែក​រដ្ឋបាល​ទូទៅ និង​ផ្នែក​អភិវឌ្ឍន៍​មូលដ្ឋាន​។ រាជរដ្ឋាភិបាល​បាន​បង្កើត​អនុក្រឹត្យ​ស្តីពី មូលនិធិ​ឃុំ សង្កាត់ ចុះ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០០២ ក្រោយពី​ព្រះរាជក្រម​ប្រកាស​ឱ្យប្រើ​ច្បាប់​ស្តីពី ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ ចុះ​ថ្ងៃទី ១៩ ខែមីនា ឆ្នាំ​២០០១៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់