គេហទំព័រលេខាធិការដ្ឋាន គ.ជ.អ.ប បាននិងកំពុងត្រូវកែសម្រួលថ្មីឱ្យប្រសើរជាងមុន

មន្ត្រី​ជំនាញ​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប ចុះ​ប​ញ្ជ្រៀប​យុទ្ធសាស្ត្រ​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​ដល់​រដ្ឋបាល​ថ្នាក់ស្រុក និង​ឃុំ​

​ខេត្តបាត់ដំបង​៖ មន្ត្រី​ជំនាញ​នៃ​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) បាន​ចុះ​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​សម្រាប់​ភាពស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​ដល់​រដ្ឋបាល​ថ្នាក់ស្រុក​ចំនួន ២ គឺ​ស្រុក​រុក្ខ​គិរី និង​ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ដែលជា​ស្រុក​ងាយ​រងគ្រោះ​នឹង​ការប្រែប្រួល​អាកាសធាតុ ដើម្បីឱ្យ​រដ្ឋបាល​ស្រុក និង​ឃុំ សង្កាត់ យល់ដឹង​ពី​ការបញ្ជ្រៀប​ភាពស៊ាំ​នៃ​ការប្រែប្រួល​អាកាសធាតុ​ទៅក្នុង​ដំណើរ​ការកសាង​ផែនការ​អភិវឌ្ឍ និង​គម្រោង​វិនិយោគ​របស់​រដ្ឋបាល​ស្រុក និង​ឃុំ សង្កាត់​ឱ្យមាន​និរន្តរភាព​។​

​ការចុះ​បញ្ជ្រៀប​ផ្សព្វផ្សាយ​នេះ​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៣ ដល់​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្នុង​សាលប្រជុំ​ស្រុក​រុក្ខ​គិរី និង​ស្រុក​មោង​ឬ​ស្សី ដោយមាន​ការដឹកនាំ​សម្របសម្រួល​ពី​សំណាក់​មន្ត្រី​ជំនាញ​របស់​ក្រុមការងារ​អនុវត្ត​គម្រោង​នៃ​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប និង​មានការ​អញ្ជើញ​ចូលរួម សិក្ខាសាលា​នេះ​ពី​សំណាក់​លោក លោកស្រី​មន្ត្រី​ជំនាញ​រដ្ឋបាលខេត្ត សមាជិក​ក្រុមប្រឹក្សា​ស្រុក មន្ត្រីរដ្ឋបាល​ស្រុក មន្ត្រី​ការិយាល័យ​ជំនាញ​ជុំវិញ​ស្រុក ក្រុមប្រឹក្សាឃុំ គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឃុំ​សរុប​ប្រមាណ ១៣៥​នាក់​។​

​សិក្ខាកាម​ទាំងអស់​បាន​ស្វែងយល់​ពី​មូលហេតុ​ដែលនាំឱ្យ​មានកា​រ​ប្រែប្រួល​អាកាសធាតុ​ជាស​កល ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ ការ​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ ការការពារ​បរិស្ថាន ការកសាង​ផែនការ​អភិវឌ្ឍ និង​ការបញ្ជ្រៀប​យេនឌ័រ ព្រមទាំង​ការស្វែងយល់​ពី​កិច្ចសហការ​ជាមួយ​គម្រោង​ដទៃទៀត​ផង​។​

​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី ការអនុវត្ត​គម្រោង​ជំនួយ​បច្ចេកទេស​ការបញ្ជ្រៀប​ការ ប្រែប្រួល​អាកាសធាតុ​ទៅក្នុង​ផែនការ​អភិវឌ្ឍ​ដល់​រដ្ឋបាល​ថ្នាក់ស្រុក និង​ឃុំ (SPCR) លោក ឡុង វិសិដ្ឋ អនុប្រធាន​អង្គភាព​គ្រប់គ្រង​និង​គាំទ្រ​កម្មវិធី​នៃ​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប និង​ជា​ប្រធាន​សម្របសម្រួល​គម្រោង SPCR បានចាត់ទុក​គម្រោង​នេះ គឺជា​ជំនួយ​បច្ចេកទេស​ដែល​ជួយ​រដ្ឋបាល​ថ្នាក់ស្រុក និង​ឃុំ សង្កាត់​ចេះ​រៀបចំ និង​វាយតម្លៃ​ផែនការ​ច្បាស់លាស់ ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន​ពួកគេ​ឱ្យមាន​និរន្តរភាព​។​

​លោក ឡុង វិសិដ្ឋ មានប្រសាសន៍ថា “​រដ្ឋបាល​ស្រុក​ជា​កន្លែង​ច្រកចេញចូល​តែមួយ និង​ជា​កន្លែង​ដែល ជួយ​ឃុំ​ជិត​ជាងគេ​បំផុត​ហើយ​យល់ដឹង​ពី​តម្រូវការ​អភិវឌ្ឍ​រប​ស់​ប្រជាជន​ច្បាស់​ជាងគេ​។ រដ្ឋបាល​ស្រុក និង​ឃុំ សង្កាត់​ដឹង​ច្បាស់​ជាងគេ ធៀប​នឹង​រដ្ឋបាល​ថ្នាក់​ខេត្ត និង​ថ្នាក់ជាតិ​ពី​តម្រូវ​ការអភិវឌ្ឍនៅ​មូលដ្ឋាន ឱ្យមាន​និរន្តរភាព​”​។ លោកបាន​បន្ថែមថា យុទ្ធសាស្ត្រ​នឹង​ក្លាយជា​ធាតុ​ចូល​សម្រាប់​ការរៀបចំ កម្មវិធី​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​រាជរដ្ឋាភិបាល​នៅ​ឆ្នាំ ២០១៩ ដល់​២០២៣​ទៀតផង​។​

​ជាមួយគ្នា​ដែរ លោក ពេជ្រ ម៉ាឡៃ អភិបាលស្រុក​មោង​ឬ​ស្សី បាន​កត់សម្គាល់ថា ការ​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ គឺជា​កម្មវត្ថុ​ដ៏​សំខាន់បំផុត​ដែល​ពិភពលោក​កំពុង​គ្រោង​ផែនការ​សកម្មភាព ពិសេស​មូលនិធិថវិកា​សម្រាប់​ជួយ​ប្រជាពលរដ្ឋ​លើ​ពិភពលោក​ឱ្យ​ចេះ​បន្សាំ ចេះ​ប្រែប្រួល​នឹង​ស្ថានការណ៍​បម្រែបម្រួល​អាកាសធាតុ​។ ​លោក​បាន​ពន្យល់​សិក្ខាកាម​ថា មូលហេតុ​ដែលនាំឱ្យ​កើតមាន​ការប្រែប្រួល​អាកាសធាតុ ដោយសារ​ការដកហូត​ប្រើប្រាស់​ធនធានបរិស្ថាន​លើសពី​ការផ្គត់ផ្គង់ ក្នុងនោះ រួមមាន បរិស្ថាន​មនុស្ស បរិស្ថាន​ធម្មជាតិ និង​បរិស្ថាន​សង្គម​វប្បធម៌​។​

​លោក ពេជ្រ ម៉ាឡៃ​ មានប្រសាសន៍ថា “​ប្រសិនបើ​យើង​បានគិត​គូ​អំពី​ស្ថិរភាព​របស់​វា​បានច្បាស់លាស់ គឺ​និយមន័យ​បរិស្ថាន​ទាំងបី​ទាំង​មានការ​ប្រាស្រ័យ​ទាក់ទង​គ្នា ឬ​មាន​អន្តរ​អំពើ​រវាង​គ្នា​នឹង​គ្នា​ទៅវិញទៅមក​នោះ យើង​នឹង​ធានា​ជីវិត​រស់រាន​នៅលើ​ភពផែនដី​ល្អប្រសើរ​។ បើ​យើង​ចេះ​ដកហូត​យើង​ចេះ​បង្កើត​វិញ​។ បើ​យើង​យកទៅ​ប្រើប្រាស់ យើង​ចេះ​ដាំ​ដុះ​ឡើងវិញ​នោះ វា​នឹង​ធានា​និរន្តរភាព​”​។

លោក ពេជ្រ ម៉ាឡៃ ​ក៏បាន​លើកទឹកចិត្ត​ឱ្យ​សិក្ខាកាម​ដែល​ចូលរួម​ក្នុង​អង្គសិក្ខាសាលា​​យកចិត្តទុកដាក់​លើ​ការណែនាំ​គម្រោងការ​ប្រែប្រួល​អាកាសធាតុ ដើម្បី​មាន​សមត្ថភាព​ពេញលេញ​ក្នុងការ​ទប់ទល់​នឹង​ការប្រែប្រួល​អាកាសធាតុ​​នៅក្នុង​មូលដ្ឋាន​។​ ​លោក​អភិបាលស្រុក​សង្ឃឹមថា រដ្ឋបាល​ស្រុក និង​ឃុំ សង្កាត់​នឹង​យល់ដឹង​ពី​ការបង្កើន​សមត្ថភាព​ស្ថាប័ន និង​បច្ចេកទេស​ការបញ្ជ្រៀប​ភាពស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​បន្ថែមទៀត ដើម្បី​ពួកគេ​ពិនិត្យ​តាមដាន និង​ធ្វើ​របាយការណ៍ វាយតម្លៃ​ភាពស៊ាំ​ដាក់​ក្នុង​កម្មវិធី​វិនិយោគ​របស់​រដ្ឋបាល​ខ្លួន​តាម​តួនាទី​មុខងារ​ក្នុង​មូលដ្ឋាន​ខ្លួន​។​

​បើតាម​ប្រសាសន៍​របស់លោក ឡុង វិសិដ្ឋ​ គម្រោង​ជំនួយ​បច្ចេកទេស​ការបញ្ជ្រៀប​ការប្រែប្រួល​អាកាសធាតុ​ទៅក្នុង​ផែនការ​អភិវឌ្ឍ​ដល់​រដ្ឋបាល​ថ្នាក់ស្រុក និង​ឃុំ (SPCR) មាន​រយៈពេល​អនុវត្ត​ចំនួន ៣​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ ស្ថិតក្រោម​មូលនិធិ​ថវិកា​ពី​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ប្រមាណ ៥០​ម៉ឺន​ដុល្លារ​៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់