គេហទំព័រលេខាធិការដ្ឋាន គ.ជ.អ.ប បាននិងកំពុងត្រូវកែសម្រួលថ្មីឱ្យប្រសើរជាងមុន

ក្រសួងមុខងារសាធារណៈផ្សព្វផ្សាយសេចក្តីណែនាំស្តីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ

រាជធានីភ្នំពេញ៖ ក្រសួងមុខងារសាធារណៈបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំស្តីពី បែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិដល់មន្ត្រីជំនាញរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាល​ថ្នាក់​​ក្រោមជាតិ​ពាក់ព័ន្ធ ដើម្បីឲ្យពួកគេយល់ដឹងពីខ្លឹមសារនៃលិខិតបទដ្ឋានកាន់តែច្បាស់ និងចូលរួមអនុវត្ត​ឲ្យកាន់តែមានប្រសិទ្ធភាព​ខ្ពស់។

ក្រសួងបានកំណត់លិខិតបទដ្ឋានសំខាន់ចំនួន៣ដែលពាក់ព័ន្ធនឹងការគ្រប់គ្រង​បុគ្គលិក​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិផ្សព្វផ្សាយទៅកាន់ថ្នាក់​ដឹកនាំ និងមន្ត្រីរាជការនៅទីស្តីការក្រសួង ប្រធាន និងអនុប្រធានមន្ទីរ​មុខងារ​​សាធារណៈទាំង២៥ រាជធានី ខេត្ត ប្រធានក្រុមប្រឹក្សាខណ្ឌទាំង១២ អភិបាល អភិបាលរង នាយក​រដ្ឋបាល សាលាខណ្ឌទាំង១២ ចំណុះ​សាលារាជធានីភ្នំពេញដែលមានវត្តមានសរុប​ប្រមាណ ៣២០​នាក់។

លិខិតបទដ្ឋានទាំង៣នោះ រួមមាន ១).​ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែក​សម្រាប់បុគ្គលិករដ្ឋបាល​ថ្នាក់​ក្រោមជាតិ ២).សេចក្តីណែនាំស្តីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រង​បុគ្គលិករដ្ឋបាលថ្នាក់ក្រោម​ជាតិ និង ៣).លិខិតបទដ្ឋានផ្សេងៗទៀតពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិក។

ឯកឧត្តម រស់ សូផាន់ រដ្ឋលេខាធិការក្រសួងមុខងារ​សាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការ​បុគ្គលិក​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ នៃគណៈកម្មាធិការជាតិសម្រាប់ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យនៅ​ថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានចាត់ទុកព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាល​ថ្នាក់ក្រោមជាតិ គឺជាឧបករណ៍គតិយុត្តដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្ររបស់រាជរដ្ឋាភិបាលសម្រាប់បម្រើឲ្យ​ការអនុវត្ត​គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ការធ្វើប្រតិភូកម្ម ការផ្ទេរសិទ្ធិអំណាច មុខងារ និងធនធាន​ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសឆ្លើយតបនឹងតម្រូវការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់​ក្រោមជាតិ។

ឯកឧត្តម រស់ សូផាន់ បានថ្លែងក្នុងសិក្ខាសាលាដែលរៀបចំឡើងនៅភោជនីយដ្ឋាន​ទន្លេបាសាក់​២ កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ថា ព្រះរាជក្រឹត្យនេះបានធ្វើឲ្យមានការផ្លាស់ប្តូរនូវចរន្តនៃ​ការគ្រប់គ្រង​បុគ្គលិក​នៅ​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ ទាំងទិដ្ឋភាពនៃទំហំបុគ្គលិកដែលត្រូវផ្ទេរមុខងារ និងធនធានរបស់ក្រសួង ស្ថាប័នទៅកាន់​រដ្ឋបាលថ្នាក់ក្រោមជាតិ និងការគ្រប់គ្រងបុគ្គលិកតាមបែបបទ និងនីតិវិធីថ្មី។

«ការគ្រប់គ្រងធនធានមនុស្ស រួមមាន ការធ្វើផែនការ ការជ្រើសរើស ការអភិវឌ្ឍសមត្ថភាព ការតែងតាំង​ ការបញ្ចប់មុខតំណែង ការដំឡើងថ្នាក់ ឋានន្តរស័ក្តិ ការផ្លាស់ប្តូរទីកន្លែងធ្វើការ ការដាក់ឲ្យនៅក្រៅក្រប​ខណ្ឌដើម ការដាក់ទណ្ឌកម្មវិន័យរហូតដល់ការចូលនិវត្តន៍ គឺត្រូវសម្រេចដោយដីការរបស់រដ្ឋបាល​ថ្នាក់​ក្រោមជាតិសាមីនីមួយៗ»។ ឯកឧត្តម សូផាន់ បញ្ជាក់ពីការផ្លាស់ប្តូរការគ្រប់គ្រងដែលកាន់តែមានប្រសិទ្ធ​ភាពនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការធ្វើប្រតិភូកម្ម និងការផ្ទេរសិទ្ធិអំណាច មុខងារ ព្រមទាំងធន​ធាន ពិសេសការគ្រប់គ្រងធនធានមនុស្សទៅកាន់រដ្ឋបាលថ្នាក់ក្រោមជាតិដោយផ្ទាល់។

បន្ថែមលើសពីនេះ ឯកឧត្តមបានបង្ហើបឲ្យដឹងថា ក្រុមការងារបច្ចេកទេសរបស់ក្រសួងមុខងារសាធារណៈ​ក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាននៃ គ.ជ.អ.ប នឹងដាក់ឆ្លងសេចក្តីណែនាំស្តីពីបែបបទ និងនីតិវិធី​នៃការគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងអនុក្រឹត្យស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាច​ទៅឲ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកដែលបំពេញការងារ​នៅថ្នាក់​ក្រោមជាតិទៀត ដើម្បីឲ្យការអនុវត្តខ្លឹមសារនៃព្រះរាជក្រឹត្យគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាល​ថ្នាក់ក្រោមជាតិ​ឲ្យ​កាន់តែ​មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់សំដៅឆ្លើយតបនឹងតម្រូវការអភិវឌ្ឍតាមបែប​ប្រជាធិប​តេយ្យ​​នៅថ្នាក់ក្រោមជាតិ និងការអភិវឌ្ឍប្រទេសជាតិ។

សូមបញ្ជាក់ថា ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ មាន​គោលបំណងចម្បង គឺផ្តល់សិទ្ធិអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រង និងអភិវឌ្ឍ​ធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែមានសមត្ថភាព ផលិតភាព ប្រសិទ្ធភាព និង​ប្រសិទ្ធផល សំដៅឆ្លើយតបនឹងតម្រូវការអភិវឌ្ឍតាមបែប​ប្រជាធិប​តេយ្យ​​នៅថ្នាក់ក្រោមជាតិ។ ព្រះរាជ​ក្រឹត្យ​ស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ចែកចេញជា២១ជំពូក និង៨០មាត្រា៕​

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់