គេហទំព័រលេខាធិការដ្ឋាន គ.ជ.អ.ប បាននិងកំពុងត្រូវកែសម្រួលថ្មីឱ្យប្រសើរជាងមុន

កិច្ចប្រជុំ​អន្តរ​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​កែ​ទម្រង់​ទាំង៣

ភ្នំពេញ ៣១​ តុលា ឆ្នាំ២០១៧៖ កិច្ច​ប្រជុំ​អន្តរ​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​កែ​ទម្រង់​ទាំង៣ ដែល​រួមមាន​៖ លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ (លេខាធិការដ្ឋាន គ.ជ.អ.ប.) អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ (អ.គ.ហ.) និង​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​ ( លេខាធិការដ្ឋាន គ.ក.រ.) ក្រោម​អធិបតីភាព​ដឹកនាំ​ដោយ ឯកឧត្ដម​ សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ គ.ជ.អ.ប ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជា ៣០នាក់។

អង្គ​ប្រជុំ​បាន​ពិនិត្យ និង​ពិភាក្សា​ផ្ដោត​លើ​របៀបវារៈ​សំខាន់ៗ​រួមមាន៖ (១) ការ​ពិនិត្យ​លើ​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ផែនការ​សកម្មភាព​រួម​នៃ​កំណែ​ទម្រង់​ទាំង​៣ (២) ការ​ត្រួត​ពិនិត្យ​ និង​ពិភាក្សា​លើ​របាយការណ៍​នៃ​ការ​ចុះ​សិក្សា​ពិនិត្យ​មើល​ឡើង​វិញ​អំពី​ការ​ប្រើប្រាស់​ធនធាន​នៃ​សមាសភាគ​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​មូល​និធិ​ក្រុង​ ស្រុក (៣) ការ​ផ្ដល់​យោបល់​បន្ថែម​លើ​សេចក្ដី​ព្រាង​យុទ្ធសាស្ត្រ​កែ​ទម្រង់​ថវិកា​ឆ្នាំ​២០១៧-២០២៥ (៤) ការ​ពិភាក្សា​អំពី​ការ​រៀបចំ​ចុះ​សិក្សា​រួមគ្នា​អំពី​ធនធាន​នានា​ពាក់​ព័ន្ធ​នឹង​មុខងារ​ដែល​គ្រោង​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ (៥) បញ្ហា​ផ្សេងៗ។

ឯកឧត្ដម ចាន់ សុធា​ អនុ​ប្រធាន​លេខាធិការដ្ឋាន​ គ.ជ.អ.ប ​បាន​ធ្វើ​បទ​បង្ហាញ​អំពី​របាយការណ៍​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ផែនការ​សកម្មភាព​រួម​នៃ​កំណែ​ទម្រង់​ទាំង៣ សម្រាប់​ត្រីមាស​ទី​៣​ឆ្នាំ​២០១៧។ ផែនការ​សកម្មភាព​ទាំង​អស់​មាន​ ៩ចំនុច ដូចជា៖ (១) ពង្រឹង​ការ​បើក​ផ្ដល់​បៀវត្ស​ និង​ប្រាក់​លាភ​ការ​ផ្សេងៗ​ទៀត​តាម​ធនាគារ ឬ​តាប​ប្រព័ន្ធ E-Transfer (២) រៀបចំ​ក្រប​ខណ្ឌ​ និង​យន្ត​ការ​អនុវត្ត​ទណ្ឌ​កម្ម​ចំពោះ​ការ​គ្រប់​គ្រង​ធនធាន​សាធារណៈ (៣) កែសម្រួល​រចនា​សម្ព័ន្ធ​ស្ថាប័ន​ឲ្យ​មាន​សមានគតិ​ភាព​ជាមួយ​នឹង​ប្រព័ន្ធ​ដំណើរការ​ការងារ​ថ្មី​ដែល​រួម​មាន​ ផ្នែក​រដ្ឋបាល​បុគ្គលិក ហិរញ្ញវត្ថុ និង​បច្ចេកទេស ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ក្រោម​ជាតិ (៤) ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​ប្រព័ន្ធ​អធិការកិច្ច​ សវនកម្ម និង​សវនកម្ម​ផ្ទៃ​ក្នុង​នា​ពេល​បច្ចុប្បន្ន​នៅ​គ្រប់​ក្រសួង​ ស្ថាប័ន ដើម្បី​ធានា​សុខដុម​នីយកម្ម (៥) បង្កើន​គុណភាព​លើ​ការ​កសាង​សមត្ថភាព​ និង​ការ​បណ្ដុះបណ្ដាល​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ (៦) រៀបចំ​ក្រប​ខណ្ឌ​រួម​នៃ​ការ​គ្រប់​គ្រង​ និង​បែងចែក​ប្រាក់​រង្វាន់​ពី​ចំណូល​មិនមែន​សារ​ពើ​ពន្ធ​ប្រកប​ដោយ​សមធម៌ ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ (៧) រៀបចំ​ និង​ដាក់​ឲ្យ​ដំណើរការ​នូវ​យន្តការ​ផ្ដល់​ព័ត៌មាន​ត្រឡប់​ និង​បណ្ដឹង​តវ៉ា​របស់​អ្នក​ប្រើ​ប្រាស់​សេវា​នៅ​តាម​ក្រសួង​ ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ (៨) រៀបចំ​ និង​ដាក់​ឲ្យ​អនុវត្ត​ក្រប​ខណ្ឌ​វិមជ្ឈការ​ហិរញ្ញវត្ថុ​ និង (៩) រៀបចំ​ និង​ដាក់​ឲ្យ​អនុវត្ត​យន្តការ​ស្ថាប័ន​គាំទ្រ​ភាព​ជា​អ្នក​ដឹកនាំ​ការ​លើក​ទឹក​ចិត្ត​លើ​ការងារ​កំណែ​ទម្រង់។

​សមិទ្ធផល​សម្រាប់​ត្រីមាសទី៣ ​​មាន​ដូច​តទៅ៖ (១) បាន​រៀបចំ​ និង​ដាក់​ឲ្យ​អនុវត្ត​ការ​បើក​បៀវត្ស​មន្ត្រី​រាជការ​ក្រប​ខណ្ឌ​ថ្មី​ និង​មន្ត្រី​ជាប់​កិច្ច​សន្យា​តាម​ប្រព័ន្ធ​ធនាគារ​ (២) បាន​រៀបចំ​បញ្ចប់​សេចក្ដី​ព្រាង​ចុង​ក្រោយ​នៃ​ផែនការ​យុទ្ធសាស្ត្រ​ស្ដីពី​អធិការកិច្ច​នៅ​ថ្នាក់​ក្រោម​ជាតិ (៣) រៀបចំ​កម្មវិធី​បណ្ដុះបណ្ដាល​វគ្គ (វគ្គ​វិក្រឹត្យ​ការ​មន្ត្រី​ជាន់​ខ្ពស់​ និង​មធ្យម​ វគ្គ​គណៈ​គ្រប់​គ្រង​គ្រឹះ​ស្ថាន​សិក្សា វគ្គ​អគ្គនាយករង ប្រធាន​នាយកដ្ឋាន វគ្គ​អភិបាល​រង​ខេត្ត​ រាជធានី អភិបាល​ក្រុង​ ស្រុក ខណ្ឌ វគ្គ​ប្រធាន​មន្ទីរ​មក​ពី​បណ្ដា​ខេត្ត​ រាជធានី) (៤)​ បាន​បង្កើត​ក្រុមប្រឹក្សាភិបាល​នៃ​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន (៥) បាន​រៀបចំ​សេចក្ដី​ព្រាង​ផែនការ​យុទ្ធ​សាស្ត្រ​ និង​ផែនការ​អនុវត្ត​របស់​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​សម្រាប់​ការ​ចាប់​ផ្ដើម​អនុវត្ត​ការ​បណ្ដុះបណ្ដាល​ពី​ឆ្នាំ​២០១៨តទៅ (៦) បាន​រៀបចំ​សេចក្ដី​ព្រាង​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍ​សមត្ថភាព​នៅ​ថ្នាក់​ក្រោម​ជាតិ (៧) រៀបចំ​ និង​អនុវត្ត​ការ​បណ្ដុះបណ្ដាល​ជា​កាតព្វកិច្ច​ដល់​ថ្នាក់​ដឹកនាំ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ស្ដីពី​ការ​លើក​កម្ពស់​បរិយាប័ន្ន​និង​សមធម៌​សង្គម (៨) អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​ថ្នាក់​ក្រោម​ជាតិ​ (៩) រាជធានី​ ខេត្ត​បាន​និង​កំពុង​រៀបចំ​បោះឆ្នោត​ជ្រើស​រើស​ប្រធាន និង​អនុ​ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ (១០) រៀបចំ​បង្កើត​មជ្ឈមណ្ឌល​ទូរស័ព្ទ​ផ្ដល់​ព័ត៌មាន​សេវា​សាធារណៈ (Call Center) (១១) ពង្រឹង​ និង​ពង្រីក​ការ​អនុវត្ត​យន្តការ​ផ្ដល់​ព័ត៌មាន​ត្រឡប់​ និង​បណ្ដឹង​តវ៉ា​របស់​អ្នក​ប្រើប្រាស់​សេវា​នៅ​តាម​ក្រសួង​ ស្ថាប័ន និង​រដ្ឋបាល​ក្រោម​ជាតិ (១២) ដាក់​ឲ្យ​អនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​គុណ​ផល​ និង​ប្រព័ន្ធ​លើក​ទឹក​ចិត្ត​នៅ​តាម​ក្រសួង​ ស្ថាប័ន​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ (១៣) រៀបចំ​ការ​ពិនិត្យ​ប្រតិបត្តិការ​ឡើង​វិញ​នៅ​រដ្ឋបាល​ថ្នាក់​ស្រុក​ដោយ​សហការ​ជាមួយ​ លេខាធិការដ្ឋាន គ.ជ.អ.ប និង (១៤) រៀបចំ​កម្មវិធី​បណ្ដុះបណ្ដាល​សម្រាប់​មន្ត្រី​រាជការ​កម្រិត​ជាន់​ខ្ពស់​មធ្យម​និង​ក្រប​ខណ្ឌ​ថ្មីៗ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់