ស្វែងរក
កម្មវិធីជាតិ
កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលបានតាក់តែងឡើងនេះ គឺជារបៀបវារៈការងាររបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់រយៈពេល១០ឆ្នាំ ក្នុងដំណើរការកំណែទម្រង់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យដ៏ទូលំទូលាយ និងស៊ីជម្រៅនៅរដ្ឋបាលថ្នាក់ក្រោមជាតិហើយកំណែទម្រង់នេះក៏មានផលប៉ះពាល់មកលើស្ថាប័ននានានៅថ្នាក់ជាតិផងដែរ។ ម៉្យាងទៀតការរៀបចំឱ្យមានកម្មវិធីជាតិនេះ ក៏ជាការបញ្ជាក់អះអាងឡើងវិញនូវការប្តេជ្ញាចិត្តខាងនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះចក្ខុវិស័យ នយោបាយ និងយុទ្ធសាស្ត្រដែលបានកំណត់រួចមកហើយក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តច្បាប់រៀបចំអង្គការសម្រាប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។
ទន្ទឹមនេះ កម្មវិធីជាតិនេះក៏ត្រូវបានរៀបចំឡើងក្នុងបរិបទដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងពង្រឹងតួនាទី និងការទទួលខុសត្រូវរបស់ស្ថាប័នរដ្ឋបាលគ្រប់លំដាប់ថ្នាក់ សំដៅលើកកម្ពស់អភិបាលកិច្ចល្អ ការលើកស្ទួយការអភិវឌ្ឍនិងការកាត់បន្ថយភាពក្រីក្របន្ថែមទៀត។ ដើម្បីសម្រេចបាននូវគោលបំណងនេះ ចាំបាច់ត្រូវរៀបចំឱ្យមានការសហការដ៏មានប្រសិទ្ធភាពរវាងកិច្ចខិតខំប្រឹងប្រែងទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ដំណើរការនេះ ទាមទារឱ្យប្រជាពលរដ្ឋគ្រប់រូបមានឱកាសស្មើគ្នា ដើម្បីចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋាន និងទាមទារឱ្យមានការផ្តល់សេវាសាធារណៈដែលមានគុណភាព និងទូលំទូលាយជាងមុន ដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្រ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើក្រុមជនងាយរងគ្រោះ ជាពិសេសជនជាតិដើមភាគតិច ស្ត្រី និងកុមារ។ ដូច្នេះ គោលបំណងដ៏ទូលំទូលាយរបស់រាជរដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឺដើម្បី ៖
- បង្កើតវប្បធម៌ប្រជាធិបតេយ្យដោយមានការចូលរួមពីប្រជាពលរដ្ឋនិងប្រកបដោយការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ
- កែលម្អការផ្តល់សេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធ
- នាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច
- ចូលរួមកាត់បន្ថយភាពក្រីក្រ។
ឯកសារកម្មវិធីជាតិនេះ បានកំណត់នូវគោលដៅ គោលបំណង វិសាលភាពនៃក្របខ័ណ្ឌអនុវត្តកម្មវិធីជាតិ ដោយបែងចែកជាដំណាក់កាលអនុវត្ត និងសកម្មភាពសំខាន់ៗសម្រាប់អនុវត្តតាមសមាសធាតុនីមួយៗដូចដែលបានកំណត់ក្នុងឯកសារកម្មវិធី ដើម្បីឆ្ពោះទៅកាន់គោលដៅនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ឯកសារកម្មវិធីជាតិបានកំណត់នូវសមាសធាតុកម្មវិធីចំនួន៥ រួមមាន ៖
- ការរៀបចំស្ថាប័ននៅថ្នាក់ក្រោមជាតិ
- ការរៀបចំប្រព័ន្ធគ្រប់គ្រងនិងអភិវឌ្ឍនធនធានមនុស្សសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិដ៏រឹងមាំ
- ការផ្ទេរមុខងារ និងធនធាន
- អំពីប្រព័ន្ធថវិកា ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- អំពីស្ថាប័នគាំទ្រដល់ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
ផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០១៤នៃ គ.ជ.អ.ប៖ ឯកសារស្តីពីការពន្យាមួយឆ្នាំ នៃផអ៣
ផែនការអនុវត្តបីឆ្នាំដំបូង (ផអ៣ទី១) ២០១១-២០១៣
ផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង (ផអ៣) បង្ហាញពីដំណាក់កាលទី១ (២០១១-២០១៣) នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំស្តីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរបស់រាជរដ្ឋាភិបាល។ ផអ៣ ផ្ដោតទៅលើការបង្កើត ការបំពេញមុខងារ អភិបាលកិច្ច និងការត្រួតពិនិត្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយចាប់ផ្ដើមជាបឋម គឺនៅថ្នាក់ក្រុង ស្រុក ដើម្បីធានាឱ្យមានកិច្ចសហប្រតិបត្តិការ និងការគាំទ្រប្រកបដោយប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធិរវាងក្រុង ស្រុកជាមួយឃុំ សង្កាត់ ក្នុងន័យពង្រឹងថែមទៀតនូវសមត្ថភាព និងភាពជាម្ចាស់របស់ឃុំ សង្កាត់ ព្រមទាំងយកចិត្តទុកដាក់ដល់ការពង្រឹងសមត្ថភាពរដ្ឋបាលរាជធានី ខេត្ត។ ជាមួយគ្នានេះដែរ ផអ៣ ក៏ផ្ដោតទៅលើការរៀបចំ តាក់តែងបន្ថែមនូវក្របខ័ណ្ឌគោលនយោបាយនានាផងដែរ។
ការពន្យាពេល ផអ៣
តាមលទ្ធផលនៃការវាយតម្លៃពាក់កណ្តាលអាណត្តិរបស់ផអ៣ និងដោយពិនិត្យឃើញថានៅមានលទ្ធផលរំពឹងទុកសំខាន់ៗមួយចំនួនទៀតរបស់ផអ៣ មិនអាចបញ្ចប់នៅ២០១៣ នេះ គ.ជ.អ.ប បានសម្រេចពន្យាពេលផអ៣រយៈពេល១ឆ្នាំទៀតដល់ឆ្នាំ២០១៤។
ផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង ២០១១-២០១៣ (ផអ៣)
ផែនការសកម្មភាព និងថវិកាឆ្នាំ២០១១
ផែនការសកម្មភាព និងថវិកាឆ្នាំ២០១២
ផែនការសកម្មភាព និងថវិកាឆ្នាំ២០១៣
ផែនការសកម្មភាព និងថវិកាឆ្នាំ២០១៤
ឯកសារស្តីពីការពន្យារពេលមួយឆ្នាំនៃផអ៣
របាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនការអនុវត្ត៣ឆ្នាំដំបូង (ផអ៣) ក្នុងអំឡុងឆមាសទី១ ឆ្នាំ២០១២
ផែនការអនុវត្តបីឆ្នាំទី២ (ផអ៣ទី២) ២០១៥-២០១៧
ឯកសារនេះរៀបរាប់អំពីផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ (ផអ៣ទី២) ដែលរួមមានការបរិយាយអំពីសនិទានភាពនៃកំណែទម្រង់ និងសមិទ្ធផលនានាដែលនឹងត្រូវសម្រេចឱ្យបានដោយមានការចូលរួមសហការ និងគាំទ្រពីដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិលនានា។
ឯកសារផអ៣ទី២ បែងចែកជា៣ជំពូកធំៗ និងមានឧបសម្ព័ន្ធចំនួន៦។ ជំពូកទី១អំពីទិដ្ឋភាពទូទៅនៃកម្មវិធី ជំពូកទី២អំពីសមិទ្ធផលទាំង៥របស់កម្មវិធី និងជំពូកទី៣អំពីការគ្រប់គ្រងកម្មវិធី។
ជំពូកទី១ រៀបរាប់អំពីសាវតានៃកំណែទម្រង់ ចក្ខុវិស័យ និងទិសដៅជាយុទ្ធសាស្រ្ត រចនាសម្ព័ន្ធនៃកម្មវិធី ចលករនៃការផ្លាស់ប្តូរ លក្ខណៈដោយឡែកនៃផអ៣ទី២ ដំណើរការនៃការរៀបចំតាក់តែងផអ៣ទី២ ទិដ្ឋភាពទូទៅនៃលទ្ធផល និងថវិកាប៉ាន់ស្មាននៃកម្មវិធី។
ជំពូកទី២ ដែលជាផ្នែកសំខាន់ជាងគេនៃឯកសារនេះ រៀបរាប់អំពីសមិទ្ធផលគន្លឹះៗទាំង៥នៃកម្មវិធី ដែលរួមមាន (១).ការគ្រប់គ្រងកំណែទម្រង់ (២).គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ (៣).ការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្ស (៤).ការផ្ទេរមុខងារ និងធនធានក្នុងការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន និង(៥).វិមជ្ឈការហិរញ្ញវត្ថុ។ សមិទ្ធផលនីមួយៗមានរៀបរាប់អំពីប្រវត្តិ (រួមទាំងវឌ្ឍនភាពនៃការអនុវត្តផអ៣ទី១ និងបញ្ហាប្រឈមនានាដែលត្រូវដោះស្រាយនៅក្នុងផអ៣ទី២) ចំណុចដៅ លទ្ធផលរំពឹងទុក ថវិកា និងហានិភ័យនានា។ ក្នុងលទ្ធផលរំពឹងទុកនីមួយៗ មានរៀបរាប់អំពីសនិទានភាព យុទ្ធសាស្ត្រ បរិយាប័ន្ននិងសមធម៌សង្គម និងស្ថាប័នទទួលខុសត្រូវក្នុងការអនុវត្ត។
ជំពូកទី៣ រៀបរាប់អំពីការទទួលខុសត្រូវជាទូទៅរបស់ គ.ជ.អ.ប និងលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងការគ្រប់គ្រង និងការសម្របសម្រួលកម្មវិធី ការលើកកម្ពស់ភាពជាម្ចាស់របស់ស្ថាប័នពាក់ព័ន្ធនានាក្នុងកិច្ចដំណើរការរៀបចំគោលនយោបាយ ផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ តម្រូវការនានាក្នុងការបញ្ចូលគម្រោងដោយឡែកៗនានាទៅក្នុងកម្មវិធី និងការគ្រប់គ្រងហិរញ្ញវត្ថុ។ ជំពូកនេះក៏បរិយាយផងដែរអំពីលក្ខខណ្ឌអភិបាលកិច្ច តម្លាភាព និងតម្រូវការនៃការរៀបចំរបាយការណ៍នៃកម្មវិធី និងយុទ្ធសាស្ត្រសម្រាប់ការគ្រប់គ្រងជំនួយបច្ចេកទេស និងធនធានមនុស្សដើម្បីធានាដល់និរន្តភាពនៃកម្មវិធី។
ក្រៅពីជំពូកទាំង៣ខាងលើនេះ ឯកសារផអ៣ទី២ក៏មានភ្ជាប់មកជាមួយឧបសម្ព័ន្ធនានាដើម្បីផ្តល់ព័ត៌មានបន្ថែមជាក់លាក់មួយចំនួនទៀត សម្រាប់ជួយដល់ស្ថាប័នអនុវត្ត និងអ្នកពាក់ព័ន្ធផ្សេងៗទៀតមានមូលដ្ឋានកាន់តែច្បាស់លាស់អំពីកម្មវិធីនេះ។
ផែនការអនុវត្ត៣ឆ្នាំលើកទី២ (២០១៥-២០១៧)
ផែនការសកម្មភាព និងថវិកាឆ្នាំ២០១៥
ផែនការសកម្មភាព និងថវិកាឆ្នាំ២០១៦
ផែនការសកម្មភាព និងថវិកាឆ្នាំ២០១៧