ភូមិ​ចំនួន​៣០ត្រូវបានជ្រើសរើសដើម្បីសាកល្បង អនុវត្ត​ចលនា​ភូមិថ្មី

ភ្នំពេញ ២២ មករា ២០១៥៖ ភូមិចំនួន៣០ ដែលស្ថិតនៅក្នុងខេត្ដតាកែវ កំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ ត្រូវបានជ្រើសរើសដើម្បីអនុវត្តសាកល្បងក្នុងចលនាភូមិថ្មីនៅ ដើមឆ្នំា២០១៥ ដោយស្ថិតនៅក្រោមកិច្ចសហការរវាងក្រសួងអភិវឌ្ឍន៍ជនបទ…

ភ្នំពេញ ២២ មករា ២០១៥៖ ភូមិចំនួន៣០ ដែលស្ថិតនៅក្នុងខេត្ដតាកែវ កំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ ត្រូវបានជ្រើសរើសដើម្បីអនុវត្តសាកល្បងក្នុងចលនាភូមិថ្មីនៅ ដើមឆ្នំា២០១៥ ដោយស្ថិតនៅក្រោមកិច្ចសហការរវាងក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នោះ ។

ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងភិវឌ្ឍន៍ជនបទបានទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី BAEK Sook Hee នាយិកា KOICA នៅទីស្តីការក្រសួងដើម្បីពិភាក្សារកដំណោះស្រាយរួមគ្នា មុននឹងចុះអនុវត្តគម្រោងអភិវឌ្ឍន៍សាកល្បងសហគមន៍ជនបទ តាមបែបចលនាភូមិថ្មីឱ្យទទួល បានជោគជ័យនេះ។

ឯកឧត្តម ជា សុផារ៉ា បានឱ្យដឹងថា ជាការឆ្លើយតបទៅនឹងការឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយលោកជំទាវប្រធានាធិបតីសាធារណរដ្ឋកូរ៉េនាពេលថ្មីៗកន្លងមកនេះ ក្រសួងអភិវឌ្ឍន៍ជនបទបានកំណត់យកភូមិចំនួន៣០នៅក្នុងខេត្តកំពង់ស្ពឺ ខេត្តតា កែវ និងខេត្តត្បូងឃ្មុំសម្រាប់ការអនុវត្តសាកល្បងនូវគម្រោងអភិវឌ្ឍន៍សហគមន៍ជនបទតាមបែបចលនាភូមិថ្មីកូរ៉េនេះ ។ ជាមួយ គ្នានេះ គម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញអភិវឌ្ឍន៍ជនបទ ក៏នឹងត្រូវធ្វើនៅក្នុងខេត្តកំពង់ស្ពឺដែរ ដោយត្រូវកសាងអគារតាមរចនាបទខ្មែរ ហើយការរៀបចំផ្នែកខាងក្នុងអគារគឺអាស្រ័យលើភាគីកូរ៉េដែលជាម្ចាស់ជំនួយ ។ 

 

ដោយឡែកការសាងសង់សាកលវិទ្យាល័យចលនាភូមិថ្មីនឹងត្រូវធ្វើនៅក្នុងខេត្តត្បូងឃ្មុំ ដោយក្រសួងបានត្រៀមដីប្រមាណជា៥ហិកតា សម្រាប់ការសាងសង់នេះ ។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ក្រៅពីការសាងសង់សាកលវិទ្យាល័យចលនាភូមិថ្មីក្នុងខេត្តត្បូងឃ្មុំ រាជរដ្ឋាភិបាលក៏បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដាក់បញ្ចូលវិធីសាស្ត្រចលនាភូមិថ្មីទៅក្នុងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យនានា ដែលស្ថិតនៅក្រោមឱវាទ រួមមានសាកលវិទ្យាល័យ ភូមិន្ទកសិកម្មចម្ការដូង សាកលវិទ្យាល័យព្រែកលាប និងសាលាកសិកម្មខេត្តកំពង់ចាមជាដើម ។

លោកស្រី BAEK Sook Hee បានមានប្រសាសន៍ថា លោកស្រីនឹងជំរុញឱ្យក្រុមជំនាញចុះសិក្សាលម្អិតជាបន្ទាន់ពីគោលនយោបាយអភិវឌ្ឍន៍ជនបទនៅកម្ពុជា ដើម្បីធ្វើឱ្យមានសុខដុមនីយកម្មជាមួយគោលការណ៍ចលនាភូមិថ្មីរបស់កូរ៉េ ។ ជាមួយគ្នានេះដែរ លោកស្រីក៏បានស្នើសុំឱ្យក្រសួងអភិវឌ្ឍន៍ជនបទ ចាត់មន្ត្រីជំនាញឱ្យចូលរួម និងសហការជាមួយអ្នកជំនាញការកូរ៉េឱ្យបានលឿន ដើម្បីឈានទៅអនុវត្តន៍ គម្រោងខាងលើឱ្យបានទាន់ពេលវេលា និងទទួលបានជោគជ័យទៅតាមការគ្រោងទុក ដើម្បីឱ្យស្របតាមការចង់បានរបស់ប្រមុខដឹកនាំប្រទេសទាំងពីរ និងដើម្បីទុកជាចំណងដៃនៃចំណងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េនោះ៕ ដោយ៖ សួស សំរិត

ដកស្រង់ចេញពីគេហទំព័រAKP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់