សារលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី

រដ្ឋបាល​មូលដ្ឋាន និង​​ការប្រែប្រួល​អាកាស​ធាតុ

 

ភាពរាំងស្ងួតអូសបន្លាយ បានធ្វើឲ្យការរស់នៅប្រចាំថ្ងៃរបស់ លោកស្រី ឆោម ចន្ធូ ជួបនូវការលំបាកយ៉ាងខ្លាំង។ លោកស្រីនិងអ្នកភូមិផ្សេងទៀតដែលរស់នៅក្នុងឃុំលំពង់ ស្រុកបាទី បានចំណាយពេលជាមធ្យមចំនួន៩ម៉ោងក្នុងមួយថ្ងៃដើម្បីដើរទៅដងទឹក ប៉ុន្តែបើប្រៀបធៀបការធ្វើដំណើរមករាជធានីភ្នំពេញត្រឹមតែ៩០នាទីប៉ុណ្ណោះតាមរថយន្ត។ 

 

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ស្ត្រីជាម្ដាយដែលមានកូន៣នាក់ក្នុងបន្ទុករូបនេះ ត្រូវក្រោកពីដំណេកនៅម៉ោង៤ព្រឹក ដើរទៅដងទឹកអណ្ដូងដែលនៅជិតបំផុតមុនពេលដែលអ្នកផ្សេងទៅដល់។ ប្រសិនបើទៅដល់អណ្ដូងយឺត គាត់ត្រូវឈរតម្រង់ជួរយ៉ាងវែងជាមួយអ្នកភូមិផ្សេងទៀតដែលកំពុងត្រូវការទឹកដូចគ្នា ឬក៏អណ្ដូងត្រូវអស់ទឹកក៏មាន។ បន្ទាប់ពីបានចំណាយពេលប្រហែល៣ម៉ោងរួចមក គាត់ក៏យួរទឹកចំណុះប្រមាណ១៥លីត្រ ត្រលប់ទៅផ្ទះវិញនៅម៉ោង៧ព្រឹក។ លោកស្រី ចន្ធូ តែងតែទៅដងទឹកបីដងក្នុងមួយថ្ងៃ នៅពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច សម្រាប់ប្រើប្រាស់ក្នុងផ្ទះ។ 

 

ជីវិតរបស់គាត់ក៏មិនខុសពីស្ត្រីមេផ្ទះដទៃទៀតដែរ ដែលត្រូវរកទឹកសម្រាប់គ្រួសារ ខណៈដែលប្តីរបស់ពួកគេត្រូវចេញទៅធ្វើការរកកម្រៃដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១២មក ជីវិតស្ត្រីមេផ្ទះទាំងនោះត្រូវបានផ្លាស់ប្ដូរ នៅពេលដែលគម្រោងសាកល្បងមួយ ដែលបច្ចុប្បន្នគម្រោងនេះបានក្លាយជាគំរូអនុវត្តក្នុងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត គឺគម្រោងសាងសង់ស្រះទឹកសហគមន៍បន្សាំការប្រែប្រួលអាកាសធាតុ។ 

 

ប្រជាជនកម្ពុជាត្រូវបានគេស្គាល់ថា ជាអ្នកដែលទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ ក្នុងចំណោមប្រជាជនទូទាំងពិភពលោក។ រដូវភ្លៀងមិនទៀងទាត់ និងគ្រោះរាំងស្ងួតអូសបន្លាយរយៈពេលវែង បានបណ្ដាលឲ្យខូចខាតដំណាំ ប៉ះពាល់ដល់ប្រជាជនជាង២លានគ្រួសារ ដែលពឹងផ្អែកលើរបរកសិកម្ម ឲ្យធ្លាក់ទៅក្នុងការជំពាក់បំណុល និងភាពក្រីក្រ។ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពក្នុងការបន្សាំខ្លួនទៅនឹងការបម្រែបម្រួលអាកាសធាតុធ្ងន់ធ្ងរនៅមានកម្រិត។ 

 

ក្នុងឆ្នាំ២០១២ កម្មវីធី Local Climate Adaptive Living (LoCAL) បានត្រួសត្រាយផ្លូវមុនគេបង្អស់តាមរយៈគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ (Local Governments and Climate Change) ដែលសម្របសម្រួលអនុវត្តដោយ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដោយមានជំនួយបច្ចេកទេសពីអង្គការ UNCDF និងជំនួយថវិកាពីសម្ព័ន្ធភាពការប្រែប្រួលអាកាសធាតុ (Cambodian Climate Change Alliance) ។  ឃុំចំនួន១៥ នៃស្រុកបាទី ស្រុកបុរីជលសារ និងក្រុងដូនកែវ នៃខេត្តតាកែវ ត្រូវបានជ្រើសរើសអនុវត្តគម្រោងសាកល្បង លើកដំបូងបង្អស់ លើការគាំទ្រការអនុវត្តគម្រោងបន្សាំការប្រែប្រួលអាកាសធាតុតាមរយៈផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ។

 

កម្មវិធីនេះបានបើកឱកាសឲ្យមន្ត្រីនៃរដ្ឋបាលថ្នាក់ស្រុក ក្រុង ក្រុមប្រឹក្សាឃុំ សង្កាត់ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធបានជួបជុំគ្នា កសាងផែនការយុទ្ធសាស្ត្របន្សាំការប្រែប្រួលអាកាសធាតុ។ ភាពជាអ្នកដឹកនាំរបស់រដ្ឋបាលមូលដ្ឋាន បានរកឃើញថាគ្រោះរាំងស្ងួតអូសបន្លាយ និងកាន់តែធ្ងន់ធ្ងរទៅៗ គឺជាបញ្ហាប្រឈមយ៉ាងសំខាន់សម្រាប់ប្រជាជនក្នុងឃុំលំពង់ទាំងមូល ដោយសារតែកង្វះខាតប្រភពទឹកប្រើប្រាស់។ 

 

ដូច្នេះហើយយុទ្ធសាស្ត្របន្សាំនឹងការប្រែប្រួលអាកាសធាតុ ត្រូវបានលើកឡើងនូវគម្រោងសាងសង់ស្រះទឹក ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមនេះ។ បន្ទាប់ពីចាត់អាទិភាពនៅថ្នាក់ស្រុករួចមក គម្រោងសាងសង់ស្រះទឹកសហគមន៍របស់ឃុំលំពង់ បានទទួលថវិកាគាំទ្រពីមូលនិធិបន្សាំការប្រែប្រួលអាកាសធាតុ រួមជាមួយមូលនិធិឃុំ តាមរយៈប្រព័ន្ធហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ការណ៍នេះមិនមែនត្រឹមតែស្រះទឹកត្រូវបានសាងសង់ និងពង្រឹងភាពធន់របស់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែជាការកសាងទំនុកចិត្តលើប្រព័ន្ធកសាងផែនការ និងថវិការបស់ឃុំ ដែលឆ្លើយតបទៅនឹងតម្រូវការជាក់លាក់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ 

 

ជាងប្រាំឆ្នាំកន្លងផុតទៅហើយ លោកស្រី ឆោម ចន្ធូ នៅតែរីករាយ នៅពេលដែលគាត់និយាយអំពីស្រះទឹកទំហំ ៦០ម X ៣៤ម ដែលស្ថិតនៅចម្ងាយប៉ុន្មានរយម៉ែត្រពីភូមិរបស់គាត់។ គាត់មិនចំណាយពេល៩ម៉ោងក្នុងមួយថ្ងៃទៅដងទឹកដូចមុនទៀតទេ គាត់បានយកពេលវេលានេះទៅប្រកបរបរអាជីវកម្មខ្នាតតូច គឺក្រងអំបោសលក់ទៅទីផ្សារជិតផ្ទះរបស់គាត់។ ប្រជាពលរដ្ឋនៅក្នុងភូមិពេលនេះមិនត្រឹមតែមានទឹកគ្រប់គ្រាន់សម្រាប់ផឹក ចម្អិនអាហារ និងបោកគក់ប៉ុណ្ណោះទេ  ប៉ុន្តែពួកគាត់អាចមានទឹកគ្រប់គ្រាន់ដើម្បីសង្គ្រោះសំណាប និងស្រោចស្រពសួនបន្លែនៅរដូវរាំងស្ងួតផងដែរ។ ប្រាក់ចំណូលបន្ថែមពីការប្រកបរបរអាជីវកម្មខ្នាតតូច និងទទួលផលដំណាំប្រសើរជាងមុន បានបង្កើនគុណភាពជីវិត និងអ្នកភូមិពេលនេះមានភាពរីករាយ។ 

 

 យើងបានសួរគាត់ថា គាត់ដែលចំណាយពេល៣ម៉ោងទៅដងទឹកអណ្ដូងទៀតទេបន្ទាប់ពីស្រះទឹកបានកសាងរួច? លោកស្រី ឆោម ចន្ធូ បានសើច ហើយគ្រវីក្បាល ឆ្លើយថា “មិនដែលទេ” ។ អ្នកភូមិម្នាក់ទៀត ឈ្មោះ នឹម ផុន អាយុ៧១ឆ្នាំ បានរៀបរាប់ពីភាពរីករាយរបស់អ្នកជិតខាងរបស់គាត់ អំពីជីវិតដែលមានការផ្លាស់ប្ដូររបស់អ្នកភូមិចាប់តាំងពីពេលស្រះទឹកបានសាងសង់ ជាហេតុធ្វើឲ្យទឹកមុខរបស់ពួកគាត់ពោរពេញដោយស្នាមញញឹមជានិច្ច។ “អ្នកភូមិទាំងអស់មានការរីករាយជាខ្លាំង ជាពិសេសគឺស្ត្រីនៅក្នុងភូមិ ដោយសារពួកគាត់មិនចាំបាច់ដើរទៅដងទឹកឆ្ងាយដូចមុនទៀតទេ”។ 

 

នៅពេលដែលស្រុកបាទីបានអនុវត្តគម្រោងសាងសង់ស្រះទឹកបានល្អ  ស្រុកក៏ទទួលបានថវិកាលើកទឹកចិត្តបន្ថែមពីលើថវិកាដែលមានស្រាប់ជារង្វាន់នៃការអនុវត្តកិច្ចការល្អ។  រដ្ឋបាលឃុំ និងស្រុក បានសម្រេចចូលរួមមូលនិធិឃុំ និងស្រុករបស់ខ្លួន រួមជាមួយនិងមូលនិធិបន្សាំអាកាសធាតុវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គាំទ្រលើការបន្សាំទៅនឹងអាកាសធាតុរបស់សហគមន៍។ នេះក៏មានន័យថាបានលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យមានការគិតពីមធ្យោបាយដែលល្អបំផុត ដើម្បីទប់ទល់ទៅនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ការយល់ដឹងពីការប្រែប្រួលអាកាសធាតុនៅមូលដ្ឋាន។ ឃុំលំពង់បានប្រើគំរូនេះ ដើម្បីកសាងស្រះទឹកចំនួន៨បន្ថែមទៀត និងនៅឆ្នាំ២០១៧នេះ ឃុំគ្រោងនឹងសាងសង់អាងស្តុកទឹកចំនួន២បន្ថែមទៀត។ 

 

ក្នុងការថែទាំនិងរក្សានិរន្តរភាពនៃសមិទ្ធផលទាំងនេះ ប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំ បានបង្កើតនូវគណៈកម្មការថែទាំស្រះទឹក ដែលគណៈកម្មការនេះមានតួនាទីថែរក្សានូវអនាម័យ ជួសជុល និងថែទាំស្រះទឹក។ គណៈកម្មការបានកៀរគរថវិកាសាងសង់ជណ្ដើរនៅមាត់ទឹក ។ លោក នឹម ផុន សង្ឃឹមថា នៅពេលខាងមុខ ពួកគេនឹងអាចសាងសង់របងជុំវិញអាងស្តុកទឹក ដើម្បីការពារសត្វ និងកុមារតូចៗ។ ភាពជាម្ចាស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន គឺជាហេតុផលនៃភាពជោគជ័យរបស់គម្រោង។

 

បច្ចុប្បន្នលេខាធិការដ្ឋាន គ.ជ.អ.ប តាមរយៈគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ បានអនុវត្តនៅក្នុងឃុំចំនួន៦១ នៃស្រុក ក្រុងចំនួន៨ ក្នុងខេត្តបាត់ដំបង និងខេត្តតាកែវ ក្រោមជំនួយថវិកាពីទីភ្នាក់ងារដើម្បីការអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសស៊ុយអែត និងជំនួយបច្ចេកទេសពីអង្គការ UNCDF ក្នុងការសាងសង់សមិទ្ធផលរូបវន្តបន្សាំការប្រែប្រួលអាកាសធាតុ។ ដូចជាការសាងសង់ផ្លូវលំជនបទធន់នឹងទឹកជំនន់  រហូតដល់ប្រព័ន្ធស្រោចស្រពជាដើម។ ទាំងនេះគឺជាការលើកកម្ពស់ការយល់ដឹងរបស់ប្រជាសហគមន៍អំពីការប្រែប្រួលអាកាសធាតុ។ នៅថ្ងៃអនាគតការកសាងផែនការ និងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ នឹងត្រូវបានពង្រីកការអនុវត្តនៅទូទាំងប្រទេស៕

ប្រសាសន៍​​សម្តេចក្រឡាហោម ស ខេង

ស្វែងរក

​សម្លេង​

ប្រសាសន៍ ឯកឧត្តម ស ខេង ក្នុងកិច្ចប្រជុំលើកទី១០របស់ គ.ជ.អ.ប

ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុងសិក្ខាសាលាបញ្ចប់គម្រោង PILAC2 (21-01-2015) 

ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុង សិក្ខាសាលា ចែករំលែក បទពិសោធន៍ ការផ្ទេរមុខងារ ទៅកាន់ រដ្ឋបាល ថ្នាក់ក្រោមជាតិ

 

ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ថ្លែងបើកកិច្ចប្រជុំលើកទី៩ របស់ គ.ជ.អ.ប

ឯកឧត្តម ជាម ប៉េអា ប្រធាន អង្គភាព ត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃ លេខាធិការដ្ឋាន គ.ជ.អ.ប ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ឯកសារ ផែនការ យុទ្ធសាស្ត្រ គណនេយ្យ ភាពសង្គម (14-08-14)

ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ ថ្លែងក្នុង សិក្ខាសាលា ផ្សព្វផ្សាយ ឯកសារ យុទ្ធសាស្រ្ត គណនេយ្យ ភាពសង្គម (13-08-14)

ប្រសាសន៍ ឯកឧត្តម លេង វី ថ្លែងក្នុង វគ្គបណ្តុះ បណ្តាល គ្រូឧទ្ទេស រាជធានី ខេត្ត វគ្គ២ ស្តីពី ផែនការ អភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធី វិនិយោគ បីឆ្នាំ រំកិល រាជធានី ខេត្ត ថ្ងៃទី១៤ កក្កដា ២០១៤

មតិសំណេះសំណាលឯកឧត្ដម សក់ សេដ្ឋា ក្នុងសិក្ខាសាលា សេចក្តីព្រាង អនុក្រឹត្យ ការរៀបចំដីកា ការអនុវត្ត មុខងារជា ជម្រើស នៅថ្នាក់ ក្រោមជាតិ និងឯកសារ ផអ៣ ទី២

ប្រសាសន៍ ឯកឧត្តម លេង វី ថ្លែងក្នុងវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេស រាជធានី ខេត្ត ស្តីពីផែនការអភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានី ខេត្ត ថ្ងៃទី៧ កក្កដា ២០១៤

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ អង្គការសហគមន៍មូលដ្ឋាន

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ ការចួលរូមរបស់យុវជន

កម្មវិធីវិទ្យុៈ ចូលរួមដើម្បីការឆ្លើយតប៖ ម៉ោងជួបប្រជាពលរដ្ឋ

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី២វគ្គ២)

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី២វគ្គ១)

វេទិកាតុមូលស្តីពី ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋប្រចាំខេត្តកំពត(ថ្ងៃទី១)

សុន្ទរកថារបស់ឯកឧត្តម ស ខេង ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការ រៀបចំផែនការសកម្មភាព និងថវិកា២០១៤

សុន្ទរកថារបស់ឯកឧត្តម សក់ សេដ្ឋា ក្នុងកម្មវិធីបិទសិក្ខាសាលាជាតិស្តីពីការ រៀបចំផែនការសកម្មភាព និងថវិកា២០១៤

វេទិកាពិភាក្សា ជីវិតយើង សង្គមយើង

វេទិកាពិភាក្សា នៅក្រុងបាត់ដំបង និងពោធិសាត់

ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅកម្ពុជា

ការប្តឹងតវ៉ារបស់ប្រជាពលរដ្ឋ

កិច្ចពិគ្រោះយោបល់នៅថ្នាក់មូល ដ្ឋានរបស់ក្រុមប្រឹក្សាឃុំ សង្កាត់

ដំណើរការសម្រេចចិត្តរបស់ ក្រុមប្រឹក្សា  

 

ការពិគ្រោះយោបល់នៅថ្នាក់ មូលដ្ឋានរបស់ក្រុមប្រឹក្សាស្រុក ក្រុង 

ការផ្សព្វផ្សាយនិងទទួលព័ត៌មាន ពីក្រុមប្រឹក្សា

ប្រជាពលរដ្ឋសកម្ម

លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋដើម្បីឲ្យមានការឆ្លើយតប

ការចូលរួមរបស់ប្រជាពលរដ្ឋក្នុង កិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សា ស្រុក ក្រុង

ការចូលរួមនិងទទួលយោបល់របស់យុវវ័យ
និងកុមារក្នុងការសម្រេចចិត្តរបស់ក្រុមប្រឹក្សា

ការចាត់អាទិភាពបញ្ហាក្នុងកម្មវិធីវិនិយោគស្រុក ក្រុង     

ដើម្បីសហគមន៍ក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ

សារប្រយោជន៍នៃការចុះបញ្ជីកំណើត

សារប្រយោជន៍នៃការចុះបញ្ជី
អាពាហ៍ពិពាហ៍

សារប្រយោជន៍នៃការចុះបញ្ជីមរណភាព

បណ្ណាល័យ គ.ជ.អ.ប (NCDD Library)