ការ​ផ្ទេរ​សិទ្ធិ​អំណាច​ដល់​ថ្នាក់​ក្រោម​ជាតិ​មាន​ការ​ផ្លាស់​ប្ដូរ – ប្រជាពលរដ្ឋ​នឹង​មាន​យន្តការ​ត្រួតពិនិត្យ​ការ​បំពេញ​ការ​ងារ​របស់​ក្រុម​ប្រឹក្សា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ១២ មីនា ២០១៤៖ ទាក់ទងនឹងការគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ អនុក្រឹត្យស្តីពីការធ្វើប្រតិភូកម្មអំណាច ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិល ដែល…

ភ្នំពេញ ១២ មីនា ២០១៤៖ ទាក់ទងនឹងការគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ អនុក្រឹត្យស្តីពីការធ្វើប្រតិភូកម្មអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិល ដែលបំពេញការងារ នៅថ្នាក់ក្រោមជាតិ ត្រូវបានដាក់ចេញកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្នុងការផ្ទេរសិទ្ធិអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះគឺជាការផ្លាស់ប្ដូរមួយ ដែលរាជរដ្ឋាភិបាលបានផ្ទេរអំណាចឲ្យថ្នាក់ក្រោម បើប្រៀបធៀបជាមួយប្រទេសដ៏ទៃ។ នេះជាប្រសាសន៍ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប។ ឯកឧត្ដម បន្តថា នៅក្នុងឆ្នាំ២០១៤ មុខងារចំនួន៣ រួមមាន  ការអប់រំ ទឹកស្អាត និងការពង្រឹងអនាម័យជនបទ នឹងត្រូវបានផ្ទេរសាកល្បងទៅកាន់ក្រុង ស្រុក និងឃុំ សង្កាត់គោលដៅ។ ក្រសួងចំនួន៥បានបញ្ចប់បញ្ជីវិភាគមុខងារ ហើយកំពុងពិនិត្យមើលមុខងារដែលត្រូវផ្ទេរសាកល្បង មុននឹងមានការផ្ទេរជាលក្ខណៈអចិន្ត្រៃយ៍។ 

ឯកឧត្ដម បានថ្លែង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ នៅក្នុងកិច្ចប្រជុំរួមគណៈគ្រប់គ្រងគម្រោងលើកកម្ពស់សេវារបស់សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ (ACES) និងគម្រោងបញ្ជ្រាបយុទ្ធសាស្ត្រការប្រែប្រួលអាកាសធាតុក្នុងដំណើរការកសាងផែនការ និងថវិកានៅរដ្ឋបាលថ្នាក់ក្រោមជាតិ (SNC Scale-Up) នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពរបស់គម្រោង និងដើម្បីដោះស្រាយនូវបញ្ហាប្រឈម និងផ្ដល់នូវអនុសាសន៍សម្រាប់ការអនុវត្តបន្ត។

កិច្ចប្រជុំត្រូវបានដឹកនាំដោយ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប និង លោក Nappoleon Navaro អនុប្រធាន UNDP នៅកម្ពុជាទទួលផ្នែកកម្មវិធី និងមានការចូលរួមពីមន្ត្រីលេខាធិការដ្ឋាន គ.ជ.អ.ប តំណាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សម្ព័ន្ធភាពជាតិឃុំ សង្កាត់ អគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ សមាគមក្រុមប្រឹក្សារាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍ មន្ត្រីគម្រោង ACES និងអ្នកពាក់ព័ន្ធផ្សេងទៀត សរុបចំនួនប្រមាណ២៣ នាក់ (ស្ត្រី២នាក់)។

ឯកឧត្ដម សក់ សេដ្ឋា  ថ្លែងថា នៅក្នុងវិមជ្ឈការហិរញ្ញវត្ថុ ធនធាន និងចំណូលផ្ទាល់ត្រូវបានកំណត់សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងមូលនិធិក្រុង ស្រុក ត្រូវបានដាក់ចេញ ដែល០,៨% នៃថវិកាជាតិត្រូវវិភាជន៍ទៅកាន់រដ្ឋបាលក្រុង ស្រុក។ ក្រុង ស្រុកទាំងអស់បានបង្កើតគណៈកម្មាធិការលទ្ធកម្មក្រុង ស្រុក ហើយមូលនិធិក្រុង ស្រុកនឹងត្រូវបានអនុវត្តពេញលេញនៅក្នុងឆ្នាំ២០១៤ នេះ។

ទាក់ទងនឹងផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ដែលអនុម័តដោយក្រសួងមហាផ្ទៃកាលពីខែកក្កដា ឆ្នាំ២០១៣  ឯកឧត្ដម សក់ សេដ្ឋា បញ្ជាក់ថា គណនេយ្យសង្គមនេះត្រូវបានពង្រឹង ដោយមានការចូលរួមពិគ្រោះយោបល់ពីអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា។ គោលបំណងនៃផែនការយុទ្ធសាស្ត្រនេះ គឺដើម្បីលើកកម្ពស់ការផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីការចាត់ចែងថវិកា ការផ្ដល់សេវា រួមមានការអប់រំ និងសុខភាព ដែលអនុវត្តដោយអាជ្ញាធរថ្នាក់ក្រោមជាតិ។ ផែនការយុទ្ធសាស្ត្រនេះអនុវត្តរួមគ្នាដោយលេខាធិការដ្ឋាន គ.ជ.អ.ប និងអង្គការសង្គមស៊ីវិល ហើយនឹងចាប់ផ្ដើមអនុវត្តនៅពាក់កណ្ដាលឆ្នាំ២០១៤។

នៅក្នុងផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមនេះ ប្រជាពលរដ្ឋនឹងមានយន្តការសម្រាប់តាមដាន ត្រួតពិនិត្យការគ្រប់គ្រងថវិកា ការផ្ដល់សេវារបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ដើម្បីធ្វើឲ្យកិច្ចការទាំងនេះមានប្រសិទ្ធភាព មានតម្លាភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគាត់។

មានយុទ្ធសាស្ត្រចម្បងចំនួន៥ នៅក្នុងក្របខ័ណ្ឌគណនេយ្យភាពសង្គម រួមមាន៖

  • ការលើកកម្ពស់តម្លាភាព និងភាពងាយស្រួលទទួលបានព័ត៌មានអំពីស្តង់ដារ ថវិកា និងការបំពេញការងារ។
  • ការសម្របសម្រួលឲ្យមានការត្រួតពិនិត្យ តាមដានរបស់ប្រជាពលរដ្ឋលើសកម្មភាព និងការផ្ដល់សេវាកម្មមូលដ្ឋានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
  • ការលើកកម្ពស់សមត្ថភាពយល់ដឹងរបស់ប្រជាពលរដ្ឋអំពីថវិកា។
  • ការគាំទ្រដល់តួអង្គនានា និងការកសាងសមត្ថភាពដល់តួអង្គទាំងនេះ ដើម្បីសម្របសម្រួលការចូលរួមរបស់ប្រជាពលរដ្ឋ និងកិច្ចដំណើរការនានានៃគណនេយ្យភាពសង្គម។
  • ការប្រមូលមេរៀនបទពិសោធន៍ដែលបានមកពីអន្តរាគមន៍នានានៅមូលដ្ឋាន ដើម្បីប្រែក្លាយបទពិសោធន៍ទាំងនេះ ដាក់បញ្ចូលទៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងពង្រឹងកាបំពេញការងាររបស់អង្គការសង្គមស៊ីវិល។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់