អនុកម្មវិធីទី១ (លេខាធិការដ្ឋាន គ.ជ.អ.ប)

អនុកម្មវិធីទី១មានតួនាទី៖

  • រៀបចំលិខិតបទដ្ឋានគតិយុត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
  • ជំរុញកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការតាមវិស័យ និងផ្ទេរមុខងារ
  • ពង្រឹងសមត្ថភាពក្នុងការសម្របសម្រួល ការគ្រប់គ្រង និងការតាមដាន
  • រៀបចំប្រព័ន្ធប្រឹក្សាយោបល់សម្រាប់ក្រុមប្រឹក្សា និងការផ្តល់ប្រព័ន្ធគាំទ្រ និងការហ្វឹកហ្វឺនដល់ក្រុមប្រឹក្សា

អនុកម្មវិធីនេះមានតួនាទីរៀបចំគោលនយោបាយ ក្របខ័ណ្ឌច្បាប់ ការធានាបាននូវការអនុវត្តតាមចក្ខុវិស័យ ការត្រួតពិនិត្យនិងការតាមដាននូវវឌ្ឍនភាពនៃការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដូចមានចែងនៅក្នុងច្បាប់រៀបចំអង្គការ និងកម្មវិធីជាតិ។ ក្នុងនាម គ.ជ.អ.ប លេខាធិការដ្ឋាន គ.ជ.អ.ប នឹងធ្វើការសម្របសម្រួល និងតាមដានការអនុវត្តអនុកម្មវិធីទាំង៦ដោយក្រសួង ស្ថាប័ននានា តាមរយៈកិច្ចព្រមព្រៀង ដែលមានការផ្តល់ធនធានដោយលេខាធិការដ្ឋាន គ.ជ.អ.ប។

លេខាធិការដ្ឋាន គ.ជ.អ.ប នឹងអនុវត្តកិច្ចការខាងលើនេះ តាមរយៈការអនុវត្តអនុកម្មវិធីមួយផ្ទាល់ខ្លួន ដោយរួមបញ្ចូលនូវក្រុមទីប្រឹក្សាដែលនឹងត្រូវដាក់ពង្រាយនៅថ្នាក់ក្រុង ស្រុក និងថ្នាក់ខេត្តដើម្បីជួយសម្របសម្រួល និងតាមដានការអនុវត្តសកម្មភាពនានារបស់ផអ៣។ លេខាធិការដ្ឋាន គ.ជ.អ.ប នឹងដឹកនាំនូវការរៀបចំយន្តការនានាសម្រាប់ត្រួតពិនិត្យ ផ្នែកនីត្យានុកូលភាព។

តាមរយៈការអនុម័តកម្មវិធីជាតិ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តក្នុងការផ្ទេរសិទ្ធិអំណាចក្នុងការដាក់ចេញនូវបទប្បញ្ញត្តិ និងការទទួលខុសត្រូវក្នុងការផ្តល់សេវាទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ ចំណុចនេះមានសារៈសំខាន់ណាស់ក្នុងការធានាថា រដ្ឋបាលថ្នាក់ក្រោមជាតិដែលទើបនឹងបង្កើតថ្មី នឹងត្រូវបានយកចិត្តទុកដាក់ និងជាបណ្តើរៗមានការទទួលខុសត្រូវកាន់តែច្រើនឡើងនៅក្នុងកិច្ចការស្នូលរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់សេវាសាធារណៈ និងក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសង្គមនានា។

ជំហានបឋម គឺត្រូវធ្វើឱ្យមានការព្រមព្រៀងគ្នានៅក្នុង“រាជរដ្ឋាភិបាលទាំងមូល”លើការអនុវត្តដំណើរការនៃការប្រគល់មុខងារ ក្នុងវិធីសាស្ត្រប្រកបដោយសង្គតិភាព និងតម្លាភាពនៅក្នុងក្រសួង ស្ថាប័នទាំងអស់ ជាមួយគ្នានិងការកំណត់ពីកិច្ចដំណើរការនេះ ត្រូវមានការកំណត់ពីវិស័យ ឬសេវាជាអាទិភាព ដើម្បីចាប់ផ្តើមដំណើរការនៃការប្រគល់មុខងារនេះ។

ក្នុងអំឡុងពេល ផអ៣ នឹងមានគម្រោងសាកល្បងជាច្រើនដែលត្រូវអនុវត្តដើម្បីធ្វើតេស្តសាកល្បងអំពី របៀបរៀបចំដែលបានជ្រើសរើសមួយចំនួន និងដើម្បីធ្វើការសិក្សាស្វែងយល់ នូវមេរៀនសំខាន់ៗស្តីពីការរៀបចំនានា សម្ព័ន្ធ និងការគ្រប់គ្រងលើរបៀបរៀបចំ តាមបែបធ្វើប្រតិភូកម្ម និងវិសហមជ្ឈការ។

ការអនុវត្តមុខងារជាក់លាក់ដែលបានធ្វើប្រតិភូកម្ម ឬប្រគល់ដោយក្រសួង ស្ថាប័ន មិនមែនជាគោលបំណងតែមួយគត់របស់រដ្ឋបាលថ្នាក់ក្រោមជាតិនោះឡើយ។ តាមការពិត អាណត្តិទូទៅសម្រាប់កិច្ចអភិវឌ្ឍមូលដ្ឋាន គឺជាចំណុចដ៏សំខាន់បំផុតដែលបញ្ជាក់ពីអត្តសញ្ញាណនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ ការធ្វើបែបនេះអាចឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានស្វ័យភាពក្នុងនាមជាអង្គភាពតំណាងនយោបាយនៅមូលដ្ឋាន ពោលគឺមិនគ្រាន់តែជាអង្គភាពមួយនៃរដ្ឋបាលកណ្តាលនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប៉ុណ្ណោះនោះទេ។ ចំណុចនេះនឹងបង្កើតឱ្យមានបរិយាកាសដ៏ធំធេងមួយ ដែលរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវអនុវត្តស្វ័យភាពរបស់ខ្លួនក្នុងការកៀរគរធនធានមូលដ្ឋាន និងការឆ្លើយតបនឹងតម្រូវការមូលដ្ឋាន។

ជាមួយគ្នានេះដែរ សមត្ថភាពនៅថ្នាក់ឃុំ សង្កាត់ នឹងត្រូវបានពង្រឹងបន្ថែមពីភាពជាម្ចាស់ក្នុងការងារកៀរគរគ្រប់គ្រងធនធាន ដើម្បីគាំទ្រគម្រោងរួមគ្នាតាមរូបភាពអន្តររដ្ឋបាល (កិច្ចសហប្រតិបត្តិការរវាងឃុំ សង្កាត់ និងឃុំ សង្កាត់ និងរវាងឃុំ សង្កាត់ជាមួយក្រុង ស្រុក) ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពឆ្លើយតបទៅនឹងតម្រូវការមូលដ្ឋាន និងប្រើប្រាស់ធនធានកាន់តែមានប្រសិទ្ធភាព។

អនុកម្មវិធីទី១ ក៏កំណត់នូវសកម្មភាពនានាសម្រាប់អភិវឌ្ឍន៍សមត្ថភាពរបស់ក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តមុខងារ និងកាតព្វកិច្ចរបស់ខ្លួន។ អនុកម្មវិធីនេះ នឹងត្រូវអនុវត្តដោយមានការសម្របសម្រួលជាមួយអនុកម្មវិធីទី២ (ក្រសួងមហាផ្ទៃ) ក្នុងការអភិវឌ្ឍសមត្ថភាព ដែលផ្តោតលើផ្នែកប្រតិបត្តិនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

លេខាធិការដ្ឋាន គ.ជ.អ.ប មានរចនាសម្ព័ន្ធដូចខាងក្រោម៖
–    អង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយមានតួនាទី ភារកិច្ចសំខាន់ៗដូចខាងក្រោម៖

  • សិក្សាស្រាវជ្រាវ និងកំណត់តម្រូវការនៃការរៀបចំ និងតម្រឹមក្របខ័ណ្ឌគតិយុត្ដនានាជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលបានកំណត់ដោយច្បាប់រៀបចំអង្គការ កម្មវិធីជាតិ និងផែនការអនុវត្ដកម្មវិធីជាតិ
  • សិក្សា និងរៀបចំបង្កើតក្របខ័ណ្ឌគោលនយោបាយ យុទ្ធសាស្ដ្រជាតិ និងលិខិតបទដ្ឋានគិតិយុត្តនានាសម្រាប់ការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយធ្វើការសម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធ
  • សិក្សា និងរៀបចំបង្កើតក្របខ័ណ្ឌគោលនយោបាយ យុទ្ធសាស្ដ្រជាតិ និងលិខិតបទដ្ឋានគិតិយុត្តនានាពាក់ព័ន្ធ នឹងប្រព័ន្ធវិមជ្ឈការហិរញ្ញវត្ថុ និងប្រព័ន្ធកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយធ្វើការសម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធ
  • សិក្សា និងរៀបចំបង្កើតក្របខ័ណ្ឌគោលនយោបាយ យុទ្ធសាស្ដ្រជាតិ និងលិខិតបទដ្ឋានគិតិយុត្តនានាសម្រាប់ការគ្រប់គ្រងបុគ្គលិករបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្សរដ្ឋបាលថ្នាក់ក្រោមជាតិដោយធ្វើការសម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធ
  • សិក្សា និងរៀបចំបង្កើតក្របខ័ណ្ឌគោលនយោបាយ យុទ្ធសាស្ដ្រជាតិ និងលិខិតបទដ្ឋានគិតិយុត្តនានាសម្រាប់បញ្ជ្រាបការងារអន្តរវិស័យ ដូចជាការងារយេនឌ័រ ការងារគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងការងារពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុជាដើម ទៅក្នុងប្រព័ន្ធនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិដោយធ្វើការសម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធ
  • ផ្តល់ការគាំទ្រ និងតាមដានលើការអនុវត្តគោលនយោបាយ យុទ្ធសាស្រ្ត លិខិតបទដ្ឋានគតិយុត្ដ និងគោលការណែនាំនានានៃកំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយធ្វើការសម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធ
  • សម្របសម្រួល និងសហការជាមួយកម្មវិធីកំណែទម្រង់វិស័យផ្សេងទៀត ដើម្បីឲ្យមានភាពប្រទាក់ ក្រឡា និងស៊ីសង្វាក់គ្នានៃកិច្ចដំណើរការកំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
  • រៀបចំរបាយការណ៍អំពីការអនុវត្តការអនុវត្តគោលនយោបាយ យុទ្ធសាស្រ្ត លិខិតបទដ្ឋានគតិយុត្ដ និងគោលការណែនាំនានានៃកំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ព្រមទាំងអនុសាសន៍នានាជូនលេខាធិការដ្ឋាន គ.ជ.អ.ប អនុគណៈកម្មាធិការពាក់ព័ន្ធរបស់ គ.ជ.អ.ប និង គ.ជ.អ.ប
  • ពិនិត្យមើលឡើងវិញ និងកែសម្រួលគោលនយោបាយ យុទ្ធសាស្រ្ត លិខិតបទដ្ឋានគតិយុត្ដ និងគោលការណ៍ណែនាំនានានៃកំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមតម្រូវការចាំបាច់ដោយធ្វើការសម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធ។

–    អង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មានមានតួនាទី ភារកិច្ចសំខាន់ៗដូចខាងក្រោម

  • រៀបចំ និងអនុវត្តក្របខ័ណ្ឌការងារត្រួតពិនិត្យ និងវាយតម្លៃលើការរៀបចំ និងការអនុវត្ដក្របខ័ណ្ឌគតិយុត្ដសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កម្មវិធីជាតិ និងផែនការអនុវត្ដកម្មវិធីជាតិ
  • រៀបចំបង្កើត ប្រតិបត្តិការ និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋានសម្រាប់ការរៀបចំ អនុវត្ត ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការអនុវត្ដក្របខ័ណ្ឌគតិយុត្ដសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិកម្មវិធីជាតិ និងផែនការអនុវត្តកម្មវិធីជាតិតាមបច្ចេកវិទ្យាព័ត៌មានវិទ្យា
  • រៀបចំ និងអនុវត្តក្របខណ្ឌការងារសម្រាប់ការសិក្សា ស្រាវជ្រាវ និងអង្កេតស្តីពីផលប៉ះពាល់នានានៃការអនុវត្តការអនុវត្ដក្របខ័ណ្ឌគតិយុត្ដ កម្មវិធីជាតិ និងផែនការអនុវត្តកម្មវិធីជាតិ សម្រាប់ការវាស់វែងនូវកម្រិតនៃការសម្រេចបានតាមគោលបំណង និងគោលដៅនៃកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
  • រៀបចំរបាយការណ៍ស្តីពីការអនុវត្ដក្របខ័ណ្ឌគតិយុត្ដ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កម្មវិធីជាតិ ផែនការអនុវត្ដកម្មវិធីជាតិ និងគម្រោងពាក់ព័ន្ធនានា
  • រៀបចំបង្កើតប្រព័ន្ធប្រមូលចងក្រង និងផ្សព្វផ្សាយព័ត៌មាន និងឯកសារនានាពាក់ព័ន្ធនឹងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

–    អង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធីមានតួនាទី ភារកិច្ចសំខាន់ៗដូចខាងក្រោម

  • រៀបចំផែនការអនុវត្ដកម្មវិធីជាតិ ផែនការសកម្មភាពនិងថវិកាប្រចាំឆ្នាំរបស់ គ.ជ.អ.ប ដើម្បីដាក់ជូន គ.ជ.អ.ប ពិនិត្យ និងអនុម័ត ដោយសហការ និងសម្របសម្រួលជាមួយអនុគណៈកម្មាធិការនានា នៃ គ.ជ.អ.ប ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា
  • សម្របសម្រួលជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានាក្នុងការអនុវត្ដ កម្មវិធីជាតិ ផែនការអនុវត្ដតាមដំណាក់កាលនីមួយៗនៃកម្មវិធីជាតិ និងផែនការសកម្មភាពនិងថវិកា ប្រចាំឆ្នាំ
  • សម្របសម្រួល និងផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសដល់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការរៀបចំ និងអនុវត្តផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំនៃផែនការអនុវត្តកម្មវិធីជាតិ
  • សហការលើកយោបល់អំពីសំណើធ្វើការសិក្សាដើម្បីធ្វើបច្ចុប្បន្នកម្មកម្មវិធីជាតិ
  • សម្របសម្រួល និងផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសដល់ដៃគូអភិវឌ្ឍន៍នានាក្នុងការតម្រឹមគម្រោងកម្មវិធីរបស់ខ្លួនស្របតាមកម្មវិធីជាតិ ផែនការអនុវត្ដនៃកម្មវិធីជាតិ និងផែនការសកម្មភាពនិងថវិកាប្រចាំឆ្នាំ
  • សហការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលនានា ដើម្បីកៀរគរធនធានសម្រាប់អនុវត្ដកម្មវិធីជាតិ ផែនការអនុវត្ដតាមដំណាក់កាលនីមួយៗនៃកម្មវិធីជាតិ និងផែនការសកម្មភាពនិងថវិកាប្រចាំឆ្នាំ
  • សហប្រតិបត្ដិការជាមួយដៃគូអភិវឌ្ឍន៍នានា ក្នុងការរៀបចំយុទ្ធសាស្ដ្រសម្រាប់បង្កើនប្រសិទ្ធភាពនៃ ការប្រើប្រាស់ធនធានគាំទ្ររបស់ដៃគូអភិវឌ្ឍន៍តាមរយៈការជំរុញការអនុវត្ដសកម្មភាពនានា ក្រោម ក្របខ័ណ្ឌនៃវិធីសាស្ដ្រផ្អែកតាមកម្មវិធី
  • សម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍នានាក្នុងការរៀបចំ និងអនុវត្ដបេសកកម្មត្រួតពិនិត្យរួមគ្នាលើ ការអនុវត្ដកម្មវិធីជាតិ ផែនការអនុវត្ដកម្មវិធីជាតិ
  • សម្របសម្រួល តាមដាន និងរាយការណ៍អំពីការអនុវត្ដកម្មវិធីជាតិសម្រាប់គាំទ្រកិច្ចអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
  • ធ្វើជាភ្នាក់ងារប្រតិបត្ដិថ្នាក់ជាតិចំពោះគម្រោងនានា ដែលគាំទ្រដល់ការអនុវត្ដកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមការសម្របសម្រួលដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា
  • ផ្ដល់ទំនាក់ទំនង និងគាំទ្រផ្នែកបច្ចេកទេសដល់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ។

–    អង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុមានតួនាទី ភារកិច្ចសំខាន់ៗដូចខាងក្រោម៖

  • សិក្សា និងរៀបចំសៀវភៅណែនាំស្តីពីប្រតិបត្តិការរដ្ឋបាល និងហិរញ្ញវត្ថុរបស់ គ.ជ.អ.ប
  • គ្រប់គ្រង ចាត់ចែង និងផ្ដល់សេវាគាំទ្រផ្នែកថវិកា និងរដ្ឋបាលរបស់លេខាធិការដ្ឋាន គ.ជ.អ.ប
  • ចាត់ចែងកិច្ចការរដ្ឋបាលទូទៅដែលបម្រើដល់ការអនុវត្ដកម្មវិធីជាតិ ផែនការអនុវត្ដកម្មវិធីជាតិ និងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ
  • គ្រប់គ្រងបុគ្គលិក និងទីប្រឹក្សាលេខាធិការដ្ឋាន គ.ជ.អ.ប ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
  • ចាត់ចែងកិច្ចលទ្ធកម្មសម្ភារ សេវា និងការងារសាងសង់ទាំងអស់របស់លេខាធិការដ្ឋាន គ.ជ.អ.ប ស្របតាមគោលការណ៍ណែនាំរបស់ គ.ជ.អ.ប និងផ្អែកតាមគោលការណ៍របស់គម្រោងជាក់លាក់តាមការចាំបាច់
  • ចាត់ចែង និងគ្រប់គ្រងទ្រព្យសម្បត្ដិ និងបញ្ជីសារពើភ័ណ្ឌរបស់ គ.ជ.អ.ប
  • គ្រប់គ្រងថវិកា ទូទាត់ថវិកា និងរៀបចំរបាយការណ៍ស្ដីពីការប្រើប្រាស់ធនធានហិរញ្ញវត្ថុនានារបស់លេខាធិការដ្ឋាន គ.ជ.អ.ប តាមរយៈគណនីមូលនិធិរួម ឬគណនីរបស់គម្រោងជាក់លាក់
  • គ្រប់គ្រង ទុកដាក់ និងថែទាំឱ្យបានគត់ហ្មត់នូវឯកសារឆ្លើយឆ្លង ឯកសារ បញ្ជីគណនេយ្យតាមគោល ការណ៍ដែលបានកំណត់
  • សម្របសម្រួល និងគាំទ្រដល់កិច្ចដំណើរការសវនកម្មផ្ទៃក្នុង និងសវនកម្មផ្ទៃក្រៅនានា។

–    ក្រុមសវនកម្មផ្ទៃក្នុងត្រូវស្ថិតនៅក្រោមការដឹកនាំផ្ទាល់ដោយប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប និងមានតួនាទី ភារកិច្ចសំខាន់ៗដូចខាងក្រោម៖

  • ធ្វើសវនកម្មផ្ទៃក្នុងលើទីភ្នាក់ងារទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលទទួលអនុវត្ដកម្មវិធី ឬគម្រោងស្ថិតនៅក្រោមក្របខ័ណ្ឌនៃការគ្រប់គ្រងរបស់លេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីពិនិត្យមើលលើភាពត្រឹមត្រូវ ភាពពេញលេញនៃបញ្ជីគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ និងការអនុវត្ដតាមនីតិវិធី ប្រតិបត្ដិការនានាដែលបានកំណត់ជាធរមាន
  • ធ្វើរបាយការណ៍សវនកម្ម ផ្ដល់អនុសាសន៍ដោយមានភស្ដុតាង និងមូលហេតុសមស្របជូនប្រធានលេខាធិការដ្ឋាន ដើម្បីចាត់វិធានការសមស្រប
  • ធានាថា របកគំហើញ និងអនុសាសន៍ត្រូវបានជូនដំណឹងភ្លាមៗដល់អ្នកគ្រប់គ្រងពាក់ព័ន្ធ ដើម្បីពិភាក្សា និងចាត់វិធានការកែលំអតាមករណីចាំបាច់
  • តាមដានលើការអនុវត្ដអនុសាសន៍ និងត្រួតពិនិត្យមើលវិធានការនានាដែលបានអនុវត្ដ ដើម្បីឆ្លើយតប ទៅតាមអនុសាសន៍ទាំងនោះ
  • រក្សាការសម្ងាត់នូវបញ្ហានានាដែលបានកើតឡើង និងធ្វើការពិភាក្សាដោយផ្ទាល់តែជាមួយអ្នកគ្រប់គ្រង ដែលទទួលខុសត្រូវបញ្ហានានាដែលបានធ្វើសវនកម្ម
  • កំណត់នូវភាពខុសឆ្គង ឬភាពខ្សោយនៃប្រព័ន្ធប្រតិបត្ដិការ និងផ្ដល់អនុសាសន៍សមស្រប ដើម្បីកែលម្អ បន្ទាប់ពីបានពិភាក្សាជាមួយអ្នកគ្រប់គ្រងពាក់ព័ន្ធ
  • អនុវត្ដការស៊ើបអង្កេត និងស្រាវជ្រាវនានាតាមការណែនាំរបស់ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប
  • សម្របសម្រួល និងសហការជិតស្និទ្ធជាមួយបេសកកម្មសវនកម្មឯករាជ្យ និងសវនកម្មនិងអធិការកិច្ចរបស់រដ្ឋាភិបាល
  • បំពេញភារកិច្ចផ្សេងទៀតតាមការណែនាំរបស់ប្រធានលេខាធិការដ្ឋាន។

–    ក្រុមជំនួយការលេខាធិការដ្ឋាន គ.ជ.អ.ប មានតួនាទី ភារកិច្ចសំខាន់ៗដូចខាងក្រោម៖

  • សម្របសម្រួល សហការ និងធ្វើទំនាក់ទំនងជាប្រចាំជាមួយអង្គភាព និងការិយាល័យនានានៃលេខាធិការដ្ឋាន គ.ជ.អ.ប
  • សហការរៀបចំរបៀបវារៈ និងខ្លឹមសារសម្រាប់កិច្ចប្រជុំ គ.ជ.អ.ប និងរក្សាទុកដាក់ឯកសារប្រជុំទាំងអស់របស់ គ.ជ.អ.ប
  • ពិនិត្យ និងផ្ដល់យោបល់លើឯកសារ និងរបាយការណ៍នានាដែលត្រូវដាក់ជូនថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប ពិនិត្យ សម្រេច
  • រៀបចំឯកសារ របាយការណ៍ និងកំណត់ហេតុកិច្ចប្រជុំនានារបស់ថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប
  • រៀបចំកាលវិភាគ និងការណាត់ជួបពិភាក្សាការងារនានារបស់ថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប។