គេហទំព័រលេខាធិការដ្ឋាន គ.ជ.អ.ប បាននិងកំពុងត្រូវកែសម្រួលថ្មីឱ្យប្រសើរជាងមុន

អនុកម្មវិធីទី៤ (ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ)

អនុកម្មវិធីទី៤មានតួនាទី៖

  • រៀបចំគោលនយោបាយ និងក្របខ័ណ្ឌច្បាប់សម្រាប់យន្តការផ្តល់ហរញ្ញប្បទាននៃរដ្ឋបាលថ្នាក់ក្រោមជាតិ
  • រៀបចំប្រព័ន្ធ និងនីតិវិធីនានានៃការគ្រប់គ្រងហិរញ្ញវត្ថុ និងគណនេយ្យភាពហិរញ្ញវត្ថុ
  • ពង្រឹងស្ថាប័នថ្នាក់ក្រោមជាតិសម្រាប់ការគាំទ្រ និងការត្រួតពិនិត្យ

ច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋបាលថ្នាក់ក្រោមជាតិ (ច្បាប់ហិរញ្ញវត្ថុថ្នាក់ក្រោមជាតិ) ត្រូវបានអនុម័តនៅក្នុងឆ្នាំ២០១១ ដើម្បីអនុញ្ញាតឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអាចរៀបចំថវិការបស់ខ្លួន។ អនុកម្មវិធីទី៤ រៀបរាប់អំពីក្របខ័ណ្ឌគោលនយោបាយសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការរៀបចំនិងការអនុវត្តយន្តការផ្តល់មូលនិធិចំនួន៣ ដើម្បីធានាថា រដ្ឋបាលថ្នាក់ក្រោមជាតិអាចទទួលបាននូវការផ្តល់មូលនិធិដែលភាគច្រើនជាមូលនិធិគ្មានភ្ជាប់ល័ក្ខខ័ណ្ឌ ផ្អែកលើរូបមន្តច្បាស់លាស់ និងប្រកបដោយតម្លាភាព។ មូលនិធិទាំងនេះរួមមាន មូលនិធិឃុំ សង្កាត់ មូលនិធិក្រុង ស្រុកនិងយន្តការវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ទន្ទឹមនេះ ទម្រង់នៃការផ្ទេរថវិកាពីថវិកាជាតិទៅថវិការាជធានី ខេត្តនាពេលបច្ចុប្បន្នក៏ត្រូវពិនិត្យមើលឡើងវិញ ដើម្បីកែលម្អលើមូលដ្ឋាននៃការធានាដល់គោលការណ៍សមធម៌ តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។ ក្នុងក្របខ័ណ្ឌនៃអនុកម្មវិធីនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងទទួលខុសត្រូវក្នុងការរៀបចំប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ (ដូចជា ប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិ នីតិវិធីលទ្ធកម្ម…) ការកែសម្រួលប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុឃុំ សង្កាត់ ដើម្បីសម្រួលលទ្ធភាពដល់ឃុំ សង្កាត់ អាចផ្តល់ហិរញ្ញប្បទាន និងគ្រប់គ្រងគម្រោងរួមគ្នាក្នុងរូបភាពសហប្រតិបត្តិការអន្តររដ្ឋបាល និងដំណើរការនានាព្រមទាំងការកសាងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។

ក្រៅពីបញ្ហាគោលនយោបាយនានា អនុកម្មវិធីទី៤រៀបរាប់អំពីកម្មវិធីកសាងសមត្ថភាព ដែលតាមរយៈអនុកម្មវិធីនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការកសាងសមត្ថភាពសម្រាប់កិច្ចប្រតិបត្តិការ និងការពិនិត្យមើលទៅលើទម្រង់នៃការផ្តល់មូលនិធិនានាស្នើឱ្យបង្កើតឡើង ព្រមទាំងការរៀបចំបង្កើតប្រព័ន្ធ និងសមត្ថភាពសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក និងអភិវឌ្ឍបន្ថែមទៀតនូវសមត្ថភាពរបស់ឃុំសង្កាត់ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន៕

សូមចូលទៅកាន់គេហទំព័ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ http://www.mef.gov.kh

សារាចរណែនាំលេខ០០២សហវ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពី ការអនុវត្តកាតព្វកិច្ចកាត់ទុកពន្ធលើប្រាក់បៀវត្ស និងពន្ធលើអត្ថប្រយោជន៍បន្ថែម

ប្រកាស លេខ១៥៨៩ សហវ .ប្រក ចុះ​ថ្ងៃទី​៩​ ធ្នូ ២០១៤ ស្តីពីវិធាន និង​នីតិវិធី​ នៃ​ការ​អនុវត្ត​ ប្រាក់បេសកកម្ម នៅ​ក្នុង​ និង​ក្រៅ​ប្រទេស​ សម្រាប់​ រដ្ឋបាល​ថ្នាក់​​ជាតិ

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​​ជាមួយ​ធនាគារ​ និង​ក្រុមហ៊ុន​ចំនួន​បី​ សម្រាប់​ប្រតិបត្តិការ​សេវា​គណនី​ប្រាក់​បៀវត្ស​ មន្រ្តីរា​ជការ​